គ្រួសារទីទ័លក្រ ១១៥គ្រួសារ នៅក្រុងកំពង់សោម ទទួលបានអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត

ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត មកចែកជូនដល់គ្រួសារប្រជាពលរដ្ឋទីទ័លក្រចំនួន ១១៥គ្រួសារ។ ពិធីនេះបានធ្វើឡើង នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ នៅភូមិបឹងតាស្រី សង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ដោយមិនទុកចោលពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារនោះឡើយ។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបន្តជំរុញកិច្ចអភិវឌ្ឍន៍មូលដ្ឋាន និងការដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែល្អប្រសើរឡើង។

អំណោយមនុស្សធម៌នេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីវប្បធម៌នៃការចែករំលែក និងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ចំពោះសុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋជួបការលំបាកក្នុងមូលដ្ឋានខេត្តព្រះសីហនុ៕