ឯកឧត្តម ទេព អស្នារិទ្ធ អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងការងារសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត» នៅខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ នេះ បានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងការងារសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)» នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងអធិបតីភាពឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ។
វគ្គបណ្តុះបណ្តាលនេះ មានអ្នកចូលរួមសរុបជាង៤២០នាក់ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖ បំពាក់បំប៉នចំណេះដឹង និងជំនាញបច្ចេកវិទ្យាទំនើប ដល់មន្ត្រីព័ត៌មានមកពីក្រុង ស្រុក និងឃុំ សង្កាត់ទាំងអស់ក្នុងខេត្ត ដើម្បីដើរឱ្យទាន់ការវិវត្តក្នុងយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត (AI), បង្កើនការយល់ដឹង និងបង្កើតយន្តការទប់ស្កាត់ ក៏ដូចជាការបន្សាបឥទ្ធិពលនៃព័ត៌មានមិនពិត ដែលអាចបង្កផលប៉ះពាល់ដល់សង្គម, ស្វែងយល់ពីនិន្នាការ ការយល់ឃើញ និងតម្រូវការជាក់ស្តែងរបស់សាធារណជន ដើម្បីធ្វើការឆ្លើយតបព័ត៌មានបានចំគោលដៅ ត្រឹមត្រូវ និងទាន់ពេលវេលា សំដៅធានាឱ្យបាននូវការគាំទ្រ និងទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។
សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ បានយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ និងបានលើកឡើងនូវសំណួរផ្សេងៗយ៉ាងផុសផុល។ ពួកគាត់បានចាត់ទុកថា ការចែករំលែកចំណេះដឹងនាពេលនេះ គឺពិតជាទាន់ពេលវេលា និងឆ្លើយតបចំតម្រូវការជាក់ស្តែង ក្នុងយុគសម័យឌីជីថលដែលបច្ចេកវិទ្យា AI កំពុងរីកចម្រើនយ៉ាងរហ័ស ជាពិសេសគឺការទទួលបានជំនាញក្នុងការតាមដាន វិភាគ និងឆ្លើយតបទៅកាន់សាធារណជនបានទាន់ពេលវេលា និងមានតម្លាភាព។ ជាមួយគ្នានេះដែរ ពួកគាត់នឹងនាំយកចំណេះដឹងដ៏មានតម្លៃនេះ ទៅអនុវត្តជាក់ស្តែងនៅក្នុងអង្គភាព ព្រមទាំងបន្តចែករំលែកដល់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យមាន «ប្រព័ន្ធស៊ាំឌីជីថល» ដើម្បីរួមចំណែកការពារបរិយាកាសព័ត៌មានឱ្យកាន់តែល្អប្រសើរ និងចូលរួមថែរក្សាសន្តិភាព និងស្ថិរភាពសង្គម៕







