លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា អញ្ជើញជាអធិបតីសម្ពោធ ស្ទូឌីយ៉ូ Jotun Studio 271 របស់ក្រុមហ៊ុន N&P Investment Co., Ltd.
(ភ្នំពេញ)៖ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ N&P Jotun Studio ដែលជាសមិទ្ធផលថ្មីរបស់ក្រុមហ៊ុន N&P Investment Co., Ltd. នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦
ក្នុងឱកាសនោះ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន N&P Investment Co., Ltd. ដែលបានសម្រេចសមិទ្ធផលដ៏សំខាន់នេះ។ លោកជំទាវបានគូសបញ្ជាក់ថា ការបង្កើតស្ទូឌីយ៉ូ Jotun Studio 271 នេះ ឆ្លុះបញ្ចាំងពីចក្ខុវិស័យ និងការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុន ក្នុងការនាំមកនូវផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ចូលមកក្នុងទីផ្សារកម្ពុជា។ ក្រុមហ៊ុន N&P Investment Co., Ltd. ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១២ បានបង្ហាញពីភាពរឹងមាំ និងការតស៊ូក្នុងការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ទោះបីជាបានឆ្លងកាត់បញ្ហាប្រឈមជាច្រើនដូចជា វិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ។
លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍវិស័យសំណង់ និងសេដ្ឋកិច្ចកម្ពុជា ដោយចាត់ទុកវិស័យឯកជនជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតឱកាសការងារ និងអភិវឌ្ឍធនធានមនុស្ស។
លោកជំទាវ ប្រធានកិត្តិយស បានលើកឡើងពីតួនាទីដ៏សំខាន់របស់ស្ទូឌីយ៉ូ Jotun Studio 271 ក្នុងការចូលរួមលើកកម្ពស់វិស័យសំណង់ឱ្យកាន់តែមានគុណភាពខ្ពស់ ព្រមទាំងចូលរួមកសាងអគារបៃតង ដែលធានាដល់ប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងចូលរួមអភិវឌ្ឍប្រកបដោយចីរភាព។
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ក៏បានថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ចំពោះលោកជំទាវអគ្គនាយិកាក្រុមហ៊ុន N&P Investment Co., Ltd. ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ស្មារតី និងថវិកា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពសង្គម និងមនុស្សធម៌ នាពេលកន្លងមក។
នៅក្នុងឱកាសនោះដែរ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា សង្ឃឹមថា ស្ទូឌីយ៉ូ Jotun Studio 271 នឹងក្លាយជាមជ្ឈ មណ្ឌល ដ៏សំខាន់សម្រាប់ស្ថាបត្យករ វិស្វករ អ្នករចនាអគារ អ្នកអភិវឌ្ឍគម្រោង និងអតិថិជនទាំងអស់ ក្នុងការស្វែងរកដំណោះស្រាយសំណង់ប្រកបដោយគុណភាព និងនវានុវត្តន៍៕







