ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធបញ្ញា ចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីធ្វើការស្រាវជ្រាវលើកកម្ពស់ក្របខ័ណ្ឌគោលនយោបាយច្បាប់ ផ្តល់ការបណ្តុះបណ្តាលធនធានមនុស្ស ចែករំលែកព័ត៌មាន និងគាំទ្រដល់ការធ្វើពាណិជ្ជកម្ម និងការវាយតម្លៃទ្រព្យសម្បត្តិកម្មសិទ្ធិបញ្ញា (IP) នៅក្នុងឧស្សាហកម្មវប្បធម៌ច្នៃប្រតិដ្ឋ
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាមួយសមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា ដើម្បីពង្រឹងកិច្ចសហការបន្ថែមក្នុងវិស័យវប្បធម៌ ដែលរៀបចំដោយនាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ឯកឧត្តម ឡុង ប៊ុណ្ណាសុីរីវត្ថ រដ្ឋលេខាធិការតំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ការចុះអនុស្សារណៈនៃការយោគយល់គ្នា រយៈពេល៥ឆ្នាំ រវាងសមាគមលេីកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា នាពេលនេះ គឺជាការពង្រឹងភាពជាដៃគូ បង្កេីតការស្រាវជ្រាវ ច្បាប់គតិយុត្តិ បេតិកភណ្ឌអរូបី អ្នកនិពន្ធផ្នែកឧស្សាហកម្ម វប្បធម៌ និងសេដ្ឋកិច្ចក្រៅប្រពន្ធ័។ ក្នុងឱកាសនេះ ឯកឧត្តម សង្ឃឹមថា ការចុះហត្ថលេខារួមគ្នានេះ នឹងបង្កេីតការអភិរក្ស និងអភិវឌ្ឍន៍ ការបណ្តុះបណ្តាលធនធានមនុស្ស អោយមានប្រយោជន៍សម្រាប់ជាតិនាពេលខាងមុខ។
នាឱកាសនោះ លោកស្រី កែវ ឡាំងចេង ប្រធានសមាគមលេីកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា មានសេចក្តីរីករាយដែលបានបង្កេីតកិច្ចសហប្រតិបត្តិការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយលោកស្រីមានជំនឿជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះ គឺជាវឌ្ឍនភាព ភាពជាដៃគូ ឧស្សាហកម្មវប្បធម៌ ដែលជាគុណប្រយោជន៍សម្រាប់វិស័យឯកជន សហគ្រាសធុន តូច និងមធ្យម សេដ្ឋកិច្ចក្រៅប្រព័ន្ធ ហេីយក៏អាចទាក់ទាញអ្នកវិនិយោគក្រៅប្រទេសអោយមកចូលក្នុងវិស័យនេះផងដែរ។
គោលបំណងស្នូលរួមគ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធបញ្ញា គឺការបង្កើតភាពជាដៃគូ ដើម្បីធ្វើការស្រាវជ្រាវ លើកកម្ពស់ក្របខ័ណ្ឌ គោលនយោបាយច្បាប់ ផ្តល់ការបណ្តុះបណ្តាលធនធានមនុស្ស ចែករំលែកព័ត៌មាន និងគាំទ្រដល់ការធ្វើពាណិជ្ជកម្ម និងការវាយតម្លៃទ្រព្យសម្បត្តិកម្មសិទ្ធិបញ្ញា (IP) នៅក្នុងឧស្សាហកម្មវប្បធម៌ច្នៃប្រតិដ្ឋ។
ការចុះអនុស្សារណៈនៃការយោគយល់ នាឱកាសនេះ មានគោលបំណងសំខាន់ៗដូចជា៖
-សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល៖ ស្រាវជ្រាវ និងព្រាងវិសោធនកម្មច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ ដែលមានស្រាប់ សិក្សា និងរៀបចំអនុក្រឹត្យអនុវត្ត និងបទប្បញ្ញត្តិទាក់ទងនឹងអង្គការគ្រប់គ្រងសិទ្ធិរួម (CMOS)។
-ការវាយតម្លៃ និងការធ្វើពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា៖ លើកកម្ពស់យន្តការពាណិជ្ជកម្ម និងការវាយតម្លៃទ្រព្យសម្បត្តិកម្មសិទ្ធិបញ្ញា ក្រោមសមត្ថកិច្ចរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
-បេតិកភណ្ឌវប្បធម៌និងឧស្សាហកម្មច្នៃប្រតិដ្ឋ៖ ស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីបេតិកភណ្ឌវប្បធម៌អរូបី និងសេចក្តីព្រាងគោលនយោបាយស្តីពីឧស្សហកម្មវប្បធម៌ច្នៃប្រតិដ្ឋ ចំណេះដឹងប្រពៃណី និងវិញ្ញវប្បធម៌ជាប្រពៃណី។
-ការបណ្តុះបណ្តាល និងចំណេះដឹង៖ បណ្តុះបណ្តាលមន្ត្រីរាជការ និងបង្កើនការយល់ដឹងជាសាធារណៈលើវិស័យកម្មសិទ្ធិបញ្ញា និងវប្បធម៌៕







