កាកបាទក្រហមកម្ពុជា បន្តចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់កុមារនៅមណ្ឌលភៀសសឹកភូមិរង់ចាំ

បន្ទាយមានជ័យ៖ ក្រុមការងារថ្នាក់កណ្តាល នៃកាកបាទក្រ ហមកម្ពុជា សហការជាមួយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកជំទាវ មុំ ចន្ធី លេខាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយជាទឹកដោះគោ ចែកជូនកុមារចំនួន ១៨០នាក់ នៅទីស្នាក់ការកុមារមេត្រីចំនួន ២កន្លែង ស្ថិតនៅភូមិរង់ចាំទី៤ និងភូមិរង់ចាំទី៥ នៃមណ្ឌលភៀសសឹកភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយ ចេក ខេត្តបន្ទាយមានជ័យ។

សកម្មភាពមនុស្សធម៌នេះ មានគោលបំណងសាកសួរសុខទុក្ខ លើកទឹកចិត្ត និងរួមចំណែកថែទាំសុខុមាលភាពកុមារ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលភៀសសឹក។ ជាមួយនឹងការផ្តល់ទឹកដោះគោ ក្រុមការងារក៏បានសម្តែងការយកចិត្តទុកដាក់ចំពោះសុខភាព និងអាហារូបត្ថម្ភរបស់កុមារ ដើម្បីជួយឱ្យពួកគេទទួលបានការលូតលាស់ល្អប្រសើរក្នុងអំឡុងពេលជួបការលំបាក។

ការចុះសួរសុខទុក្ខ និងផ្តល់អំណោយជាបន្តបន្ទាប់នេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់កាក បាទក្រហមកម្ពុជា រួមជាមួយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ក្នុងការបន្តផ្តល់ជំនួយមនុស្សធម៌ និងការគាំទ្រដល់ប្រជាពល រដ្ឋ ជាពិសេសកុមារ ដែលរងផលប៉ះពាល់ និងកំពុងរស់នៅក្នុងមណ្ឌលភៀសសឹក។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋចំនួន ២០.២៨១នាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន ក្នុងនោះមានកុមារចំនួន ៦.០៦៦នាក់។ កុមារទាំងនេះនៅមិនទាន់អាចវិលចូលសាលារៀន និងរស់ នៅក្នុងជីវភាពប្រក្រតីដូចមុនបាននៅឡើយ ដោយកំពុងប្រឈមនឹងការខកខានការសិក្សា ការថយចុះនៃសុវត្ថិភាព និងការបាត់បង់បរិយាកាសរស់នៅក្នុងសហគមន៍របស់ខ្លួន។

បញ្ហានេះកើតឡើងដោយសារស្ថានភាពនៅតំបន់មួយចំនួនក្នុងខេត្តព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ និងពោធិ៍ សាត់ ដែលរាជរដ្ឋាភិបាលកម្ពុជាអះអាងថា នៅតែមានការកាន់កាប់ដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃ ធ្វើឱ្យប្រជា ពលរដ្ឋជាច្រើនបន្តរស់នៅក្នុងមណ្ឌលភៀសសឹក និងត្រូវការការគាំទ្រផ្នែកមនុស្សធម៌ជាបន្តទៀត។