កាកបាទក្រហមកម្ពុជា សហការលើកកម្ពស់ការយល់ដឹង និងធានាការបន្តការព្យាបាលអ្នកផ្ទុកមេរោគអេដស៍នៅក្រុងប៉ោយប៉ែត
ស្របពេលដែលការឆ្លងជំងឺកាមរោគ និងមេរោគអេដស៍នៅតែជាបញ្ហាប្រឈម ជាពិសេសក្នុងចំណោមយុវជនកាកបាទក្រហមកម្ពុជា សហការជាមួយស្ថាប័នពាក់ព័ន្ធ បានបន្តលើកកម្ពស់ការអប់រំផ្សព្វផ្សាយ និងជំរុញឱ្យប្រជាពលរដ្ឋទទួលបានសេវាប្រឹក្សា ពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ប្រកបដោយគុណភាព រក្សាការសម្ងាត់ និងទាន់ពេលវេលា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកាមរោគ និងមេរោគអេដស៍។
លោក សួន សុផល ប្រធានរដ្ឋបាល និងគណនេយ្យ នៃមន្ទីរពេទ្យបង្អែកប៉ោយប៉ែត តំណាងលោកវេជ្ជបណ្ឌិត ឱក ទីនណា ប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានឱ្យដឹងថា មន្ទីរពេទ្យនៅតែបន្តផ្តល់សេវាព្យាបាល និងចែកចាយថ្នាំប្រឆាំងមេរោគអេដស៍ (ARV) ជូនអ្នកផ្ទុកមេរោគអេដស៍ជាប្រក្រតី ដើម្បីធានាថាការព្យាបាលមិនមានការរំខាន។
លោកបានបញ្ជាក់ថា មុនពេលមានការបិទច្រកព្រំដែនរវាងកម្ពុជា-ថៃ អ្នកជំងឺអាចទទួលថ្នាំសម្រាប់ប្រើប្រាស់រយៈពេល ៦ ខែម្តង។ បច្ចុប្បន្ន ទោះបីជាច្រកព្រំដែនគោកត្រូវបានបិទក៏ដោយ អ្នកជំងឺនៅតែអាចទទួលបានថ្នាំតាមរយៈការផ្ញើបញ្ញើ ឬធ្វើដំណើរតាមផ្លូវអាកាសមកទទួលថ្នាំដោយផ្ទាល់ ដើម្បីបន្តការព្យាបាលឱ្យបានជាប់លាប់ និងមានប្រសិទ្ធភាព។
តាមរយៈកិច្ចសហការជាមួយកាកបាទក្រហមកម្ពុជា និងដៃគូពាក់ព័ន្ធ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត បន្តយកចិត្តទុកដាក់លើការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព កាត់បន្ថយការរើសអើង និងលើកទឹកចិត្តឱ្យអ្នកផ្ទុកមេរោគអេដស៍បន្តទទួលការព្យាបាលជាប្រចាំ ដើម្បីលើកកម្ពស់គុណភាពជីវិត និងរួមចំណែកសម្រេចគោលដៅបញ្ចប់បញ្ហាអេដស៍៕







