កម្ពុជា នឹងរៀបចំធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជ្រើសរើស ជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ ឆ្នាំ២០២៦ ដោយមាន កំណើន ប្រទេសចូលរួម ប្រកួតចំនួន២ប្រទេសបន្ថែម នេះជាការបង្ហាញនូវ សក្ខីភាព នៃការគាំទ្រ ពីប្រទេស ក្នុងតំបន់ ក៏ដូចជា ការផ្តល់សិទ្ធិ និងគាំទ្រ យ៉ាងពេញទំហឹង ពីសហព័ន្ធវាយសីអាស៊ី-BA។
នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅគណៈកម្មាធិកាជាតិ អូឡាំពិកកម្ពុជា ។ ឯកឧត្តម កែវ រស់ បន្ថែមថា ការធ្វើម្ចាស់ផ្ទះ២ លើកកន្លងមក មានត្រឹម៥ប្រទេសចូលរួម ហើយនៅឆ្នាំនេះ មាន២ប្រទេសចូលរួមបន្ថែម សរុប ៧ប្រទេស រួមមាន៖ ម្ចាស់ផ្ទះកម្ពុជា ព្រុយណេ ឡាវ មីយ៉ាន់ម៉ា ទីម័រខាងកើត ហ្វីលីពីន និងវៀតណាម។ សមាសភាពកីឡាករ កីឡាការិនីម្ចាស់ផ្ទះកម្ពុជាត្រៀមចូលរួមប្រកួតលើវិញ្ញាសាក្រោមអាយុ ២៣ឆ្នាំ ៦នាក់ វិញ្ញាសាក្រោមអាយុ ១៩ឆ្នាំ មាន៧នាក់ និងវិញ្ញាសាក្រោមអាយុ១៦ឆ្នាំ មាន៦នាក់ សរុប ១៩នាក់។
ប្រទេសចូលរួមទាំងអស់សុទ្ធតែ បានចុះឈ្មោះកីឡាករ កីឡាការិនីគ្រប់វិញ្ញាសា និងកម្រិតអាយុទាំងអស់ ដូច្នេះការប្រកួតឆ្នាំនេះ កាន់តែស្វិតស្វាញជាមុន។ ឯកឧត្តម បន្ថែមថា ព្រឹត្តិការណ៍វាយសីនេះ នឹងធ្វើឡើងនៅ ពហុកីឡដ្ឋានជាតិមរតកតេជោ ជាមួយនឹងផលចំណេញច្រើន ក្នុងការជំរុញគុណភាព បច្ចេកទេសកីឡាករ កីឡាការិនី រិតចំណងមិត្តភាព សាមគ្គីភាព នៃប្រទេសក្នុងតំបន់ រួមទាំងមានផលប្រយោជន៍ មួយចំនួន ដល់សង្គមជាតិផងដែរ៕






