គំរូមិនល្អ! សិស្សសាលាម្នាក់បានប្រើប្រាស់កាំភ្លើងបាញ់ប្រហារក្នុងវិទ្យាល័យ១ក្នុងប្រទេសថៃបណ្តាលឱ្យគ្រូ និងសិស្ស៦នាក់ស្លាប់ភ្លាម!និងមនុស្សរាប់សិបនាក់រងរបួសធ្ងន់ស្រាល
រដ្ឋមន្ត្រីក្រសួងអប់រំរបស់ប្រទេស លោក Prasert Jantararuangtong បានប្រាប់អ្នកយកព័ត៌មានបរទេសថា៖ មនុស្សបួននាក់ ជាគ្រូបង្រៀន និងសិស្សានុសិស្ស បានស្លាប់ ក្នុងហេតុការណ៍បាញ់ប្រហារមួយ នៅឯសាលារៀនក្នុងប្រទេសថៃ។ ប៉ូលីសបានឆ្លើយតបទៅនឹងការបាញ់ប្រហារនោះនៅវិទ្យាល័យក្នុងខេត្តណុនថៈបុរី ប្រទេសថៃ នាព្រឹកថ្ងៃសុក្រនេះ ជាទីកន្លែងដែលមានមនុស្សស្លាប់ និងរបួសរាប់សិបនាក់។ អ្នកនាំពាក្យប៉ូលីសភូមិន្ទថៃ លោក Trairong Piwpan បានបញ្ជាក់ថា ការបាញ់ប្រហារនេះបានកើតឡើងនៅសាលារៀន Debsirin Nonthaburi ក្នុងខេត្តនាភាគពាយ័ព្យនៃទីក្រុងបាងកក។ លោក Arsit Sampantharat ជាលេខាធិការអចិន្ត្រៃយ៍នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថាខ្មាន់កាំភ្លើងនោះគឺជាសិស្សម្នាក់ដែលបានរៀនក្នុងសាលារៀននោះដែរ ខណៈមូលហេតុពិតប្រាកដកំពុងស្ថិតក្រោមការស៊ើបអង្កេត។ លោកបាននិយាយថា តួរលេខមនុស្សរបួស និងស្លាប់មិនទាន់អាចបញ្ជាក់ផ្លូវការនៅឡើយទេនៅពេលនេះ ដោយសារមនុស្សរបួសត្រូវការព្យាបាលបន្ទាន់។ មន្ត្រីមិនបានចែករំលែកព័ត៌មានបន្ថែមទៀតអំពីចំនួនមនុស្សដែលរងរបួស ឬចែករំលែកព័ត៌មានលម្អិតផ្សេងទៀតនោះទេ។ សូមបញ្ជាក់ថាកាលពីខែកុម្ភៈកន្លងទៅ យុវជនវ័យ១៧ឆ្នាំម្នាក់ បានលួចកាំភ្លើងពីប៉ូលីស ហើយបានបើកការបាញ់ប្រហារនៅវិទ្យាល័យសាធារណៈមួយដែរ នាភាគខាងត្បូងប្រទេសថៃ ដោយចាប់មនុស្សជាចំណាប់ខ្មាំងមួយរយៈពេល២ម៉ោង ដោយបានសម្លាប់មនុស្សម្នាក់ និងរបួសពីរនាក់ទៀត៕

សម្រួលអត្ថបទ៖ សុផារិន្ទ





