ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិ ព្រមានថាបាតុភូតអែលនីញ៉ូ អាចជំរុញឱ្យមនុស្ស៤៩លាននាក់ថែមទៀត នៅលើពិភពលោក ធ្លាក់ចូលទៅក្នុងភាពអត់ឃ្លានធ្ងន់ធ្ងរ

កម្មវិធីស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិបានព្រមានថា បាតុភូតអាកាសធាតុអែលនីញ៉ូដែលកំពុងវិវត្តនាពេលបច្ចុប្បន្ននេះ អាចជំរុញឱ្យមនុស្សយ៉ាងហោចណាស់ ៤៩លាននាក់ផ្សេងទៀតធ្លាក់ចូលទៅក្នុងភាពអត់ឃ្លានធ្ងន់ធ្ងរ ខណៈដែលផលប៉ះពាល់នៃជម្លោះនិងអស្ថិរភាពសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរឡើងៗ។ បាតុភូតអែលនីញ៉ូអាចរំខានដល់គំរូអាកាសធាតុនៅជុំវិញពិភពលោក និងបណ្តាលឱ្យមានគ្រោះរាំងស្ងួត ទឹកជំនន់ និងសីតុណ្ហភាពឡើងខ្លាំង។ លោក Jean-Martin Bauer នាយកសេវាកម្មវិភាគសន្តិសុខស្បៀង និងអាហារូបត្ថម្ភ WFP បានមានប្រសាសន៍ថា “ព្រឹត្តិការណ៍អែលនីញ៉ូកន្លងមកបានបណ្តាលឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃភាពអត់ឃ្លាន”។ ទីភ្នាក់ងារនេះនិយាយថា កិច្ចអន្តរាគមន៍ដំបូងមុនហេតុការណ៍នេះកើតឡើង គឺវាអាចការពារសហគមន៍ងាយរងគ្រោះ និងកាត់បន្ថយការចំណាយមនុស្សធម៌បាន។ លោក Jean-Martin Bauer បានបន្ថែមដោយប្រៀបធៀបថា “យើងពិតជាដឹងថានៅពេលដែលយើងធ្វើដូច្នេះ យើងនឹងចំណាយ១ដុល្លារអាម៉េរិកមុន ដោយជៀសវាងនូវការចំណាយ៣ដុល្លារនាពេលអនាគត។ លោកបានព្រមានថា បាតុភូតអែលនីញ៉ូនេះ នឹងប៉ះពាល់ដល់ប្រទេសដែលទន់ខ្សោយរួចទៅហើយ ដោយជម្លោះរយៈពេលវែង និងការរំខានដល់ការផលិត និងពាណិជ្ជកម្មស្បៀងអាហារ។ លោក Bauer បានសន្និដ្ឋានថា «នៅពេលដែលអ្នកបន្ថែមបាតុភូតអែលនីញ៉ូនេះទៅក្នុងល្បាយនោះ អ្នកប្រហែលជាចូលរួមជាមួយនឹង គ្រោះថ្នាក់ នៃកត្តាហានិភ័យ ដែលអាចបណ្តាលឱ្យមានការកើនឡើងនៃភាពអត់ឃ្លានស្រួចស្រាវនៅទូទាំងពិភពលោកបាន៕

សម្រួលអត្ថបទ៖ សុផារិន្ទ