មន្រ្តីជំនាញនិងក្រុមការងារចុះពិនិត្យទីតាំងតម្រាយផ្លូវ មុនឈានបើកការដ្ឋានសាងសង់ ផ្លូវកាត់ថ្មីពីបាត់ដំបងមកសៀមរាប
ភ្នំពេញ ៖ ឯកឧត្តម សុខុម ភគវន្តមុនី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងពង្រឹងការតភ្ជាប់ភាពធន់នឹងអាកាសធាតុ (CRCEP) រួមជាមួយឯកឧត្តម លឿម រស្មី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យតម្រាយផ្លូវ មុនឈានដល់ការបើកការដ្ឋានសាងសង់ជាផ្លូវការ ដែលគ្រោងសាងសង់ក្រោមហិរញ្ញប្បទានរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។
ផ្លូវថ្មីនេះ ត្រូវបានចាត់ទុកជាគម្រោងអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងការតភ្ជាប់រវាងខេត្តភាគពាយ័ព្យ និងខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់របស់កម្ពុជា ព្រមទាំងជួយជំរុញការដឹកជញ្ជូន និងសកម្មភាពសេដ្ឋកិច្ចនៅតាមតំបន់។ ផ្លូវជាតិថ្មីនេះមានប្រវែងសរុប ៧២,១៥៤ គីឡូម៉ែត្រ ដោយចាប់ផ្តើមពីផ្លូវជាតិលេខ៥ ត្រង់ចំណុច PK302+325 ក្នុងខេត្តបាត់ដំបង និងបញ្ចប់នៅផ្លូវជាតិលេខ ៦ ត្រង់ចំណុច PK343+100 ក្នុងខេត្តសៀមរាប។ ខ្សែផ្លូវនេះសាងសង់ឆ្លងកាត់ខេត្តចំនួន ៣ រួមមាន ខេត្តបាត់ដំបង (ស្រុកថ្មគោល និងស្រុកឯកភ្នំ) ខេត្តបន្ទាយមានជ័យ (ស្រុកព្រះនេត្រព្រះ) និងខេត្តសៀមរាប ស្រុកក្រឡាញ់ និងស្រុកពួក។
ចំណុចពិសេសនៃគម្រោងនេះ គឺអាចកាត់បន្ថយចម្ងាយធ្វើដំណើររវាងខេត្តបាត់ដំបង និងខេត្តសៀមរាបបានជាង ១០០ គីឡូម៉ែត្រ បើប្រៀបធៀបនឹងផ្លូវបច្ចុប្បន្ន ដែលនឹងជួយសន្សំទាំងពេលវេលា ថ្លៃដើមដឹកជញ្ជូន និងជំរុញការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ។
ក្រៅពីគម្រោងផ្លូវបាត់ដំបង-សៀមរាប រាជរដ្ឋាភិបាលក៏កំពុងជំរុញគម្រោងផ្លូវជាតិថ្មីចំនួនពីរខ្សែទៀត ដើម្បីពង្រីកបណ្តាញដឹកជញ្ជូន និងលើកកម្ពស់សេដ្ឋកិច្ចជាតិ៕







