សមាគមចំនួន២ រៀបចំសិក្ខាសាលាស្តីពី «ការពង្រឹងអភិបាលកិច្ច និងឧត្តមភាពប្រតិបត្តិការក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីភាពរីកចម្រើនដោយចីរភាព»

ខេត្តរតនគិរី ៖ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅខេត្តរតនគិរី សមាគមចំនួន២ រួមមាន ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធនាគារនៅកម្ពុជា (ABC) បានសហការរៀបចំ សិក្ខាសាលាថ្នាក់តំបន់លើកទី៤ ក្នុងឆ្នាំ២០២៦ ស្តីពី «ការពង្រឹងអភិបាលកិច្ច និងឧត្តមភាពប្រតិបត្តិការក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីភាពរីកចម្រើនដោយចីរភាព»។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពថ្នាក់ដឹកនាំតំបន់ និងសាខានៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការដឹកនាំ គ្រប់គ្រង និងឆ្លើយតបទៅនឹងបរិបទដែលវិស័យហិរញ្ញវត្ថុកំពុងប្រឈមនឹងការប្រែប្រួលសេដ្ឋកិច្ច ការកើនឡើងនៃហានិភ័យ និងតម្រូវការកាន់តែខ្ពស់លើអភិបាលកិច្ច ការអនុលោមភាព និងការការពារអតិថិជន។ សិក្ខាសាលានេះក៏ជាវេទិកាសម្រាប់ការចែករំលែកចំណេះដឹង បទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុប្រកបដោយភាពធន់ និងចីរភាព។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោកជំទាវ ឌិត នីតា អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា៖ «ភាពរីកចម្រើនរបស់វិស័យធនាគារ និងហិរញ្ញវត្ថុ មិនត្រូវវាស់ត្រឹមតែបរិមាណឥណទាន ឬប្រាក់ចំណេញនោះទេ ប៉ុន្តែត្រូវវាស់តាមចំនួនអតិថិជនដែលឥណទានរបស់យើងបានជួយឱ្យមានជីវភាពប្រសើរឡើង ដោយមិនបង្កហានិភ័យដល់ស្ថានភាពហិរញ្ញវត្ថុរបស់ពួកគាត់។ ដើម្បីសម្រេចបាននូវគោលដៅនេះ គ្រឹះស្ថានហិរញ្ញវត្ថុត្រូវបន្តពង្រឹងការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ ការការពារអតិថិជន និងការអនុវត្តអភិបាលកិច្ចល្អ ដើម្បីកសាងទំនុកចិត្ត និងភាពធន់របស់វិស័យ»។

បន្ថែមពីលើនេះ ក៏មានបទបង្ហាញពីអ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ លើប្រធានបទសំខាន់ៗ រួមមាន បច្ចុប្បន្នភាពវិស័យធនាគារ និងហិរញ្ញវត្ថុ អភិបាលកិច្ច និងក្របខណ្ឌគតិយុត្ត ចំណាត់ថ្នាក់ឥណទានតាមវិស័យ ស្ថានភាពឥណទាននៅភូមិភាគឦសាន និងតួនាទីរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ក្នុងការដោះស្រាយវិវាទវិស័យធនាគារ និងហិរញ្ញវត្ថុ៕