សាកលវិទ្យាល័យចេនឡា ផ្តល់អាហារូបករណ៍ជូនក្រសួងព័ត៌មាន ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំ និងអភិវឌ្ឍធនធានមនុស្ស

ភ្នំពេញ៖ សាកលវិទ្យាល័យចេនឡា បានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ជូនក្រសួងព័ត៌មាន ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំ និងផ្តល់ឱកាសដល់មន្ត្រីរាជការ បុគ្គលិក ព្រមទាំងកូនចៅរបស់មន្ត្រីរាជការ និងបុគ្គលិកដែលមានជីវភាពខ្វះខាត បានបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា សំដៅរួមចំណែកកសាងធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ប្រទេសជាតិ។

ការផ្តល់អាហារូបករណ៍នេះ ធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិត អ៉ី លីម៉ា សាកលវិទ្យាធិការសាកលវិទ្យាល័យចេនឡា អញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។

លោកបណ្ឌិត អ៉ី លីម៉ា បានមានប្រសាសន៍ថា ការផ្តល់អាហារូបករណ៍ជូនក្រសួងព័ត៌មាន គឺជាការចូលរួមចំណែករបស់សាកលវិទ្យាល័យចេនឡា ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំ និងការកសាងធនធានមនុស្ស ដោយបង្កើតឱកាសឱ្យយុវជន និងអ្នកដែលមានបំណងបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ទទួលបានការអប់រំប្រកបដោយគុណភាព។ លោកបណ្ឌិតបានបង្ហាញក្តីសង្ឃឹមថា អាហារូបករណ៍ទាំងនេះនឹងជួយសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុដល់ក្រុមគ្រួសាររបស់និស្សិត និងរួមចំណែកផលិតធនធានមនុស្សដែលមានសមត្ថភាពឆ្លើយតបនឹងតម្រូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យចេនឡា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ជូនក្រសួងព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការអប់រំគឺជាគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍមនុស្ស និងការអភិវឌ្ឍប្រទេសជាតិ ហើយការផ្តល់អាហារូបករណ៍នាពេលនេះ គឺជាកាយវិការដ៏មានអត្ថន័យ ដែលមិនត្រឹមតែជួយសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកទ្វារឱកាសឱ្យមន្ត្រីរាជការ បុគ្គលិក និងកូនចៅរបស់ពួកគេដែលមានជីវភាពខ្វះខាត អាចបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ពង្រឹងចំណេះដឹង ជំនាញ និងសមត្ថភាព ដើម្បីបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មានតែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ដោយជំរុញការបណ្តុះបណ្តាល និងការសិក្សាពេញមួយជីវិត ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកសាងមូលធនមនុស្សប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់។ ឯកឧត្តមបានបន្ថែមថា ក្រសួងនឹងធ្វើការផ្សព្វផ្សាយអំពីអាហារូបករណ៍នេះឱ្យបានទូលំទូលាយ ដើម្បីឱ្យមន្ត្រីរាជការ បុគ្គលិក និងកូនចៅដែលមានលក្ខខណ្ឌសមស្រប ទទួលបានឱកាសបន្តការសិក្សា និងអភិវឌ្ឍខ្លួនឱ្យក្លាយជាធនធានមនុស្សប្រកបដោយគុណភាព សម្រាប់បម្រើការអភិវឌ្ឍវិស័យព័ត៌មាន និងប្រទេសជាតិ៕