ក្រុមការងារថ្នាក់កណ្តាល សហការជាមួយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បន្តចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនគ្រួសារផ្ទុកមេរោគអេដស៍ ៤គ្រួសារ នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ រសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារថ្នាក់កណ្តាល សហការជាមួយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនគ្រួសារផ្ទុកមេរោគអេដស៍ចំនួន ៤គ្រួសារ ដែលរស់នៅសង្កាត់អូរជ្រៅ និងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងលើកទឹកចិត្ត ចែករំលែកក្តីស្រឡាញ់ និងរួមចំណែកសម្រាលការលំបាកក្នុងជីវភាពរស់នៅរបស់ពួកគាត់។
ក្នុងឱកាសនោះ ក្រុមការងារបាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការយកចិត្តទុកដាក់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារផ្ទុកមេរោគអេដស៍ទាំងអស់ ព្រមទាំងបានលើកទឹកចិត្តឱ្យបន្តថែរក្សាសុខភាព យកចិត្តទុកដាក់លើការព្យាបាល និងប្រកាន់ខ្ជាប់នូវការណែនាំរបស់ក្រុមគ្រូពេទ្យ ដើម្បីរស់នៅប្រកបដោយសុខភាពល្អ និងក្តីសង្ឃឹម។
ជាមួយគ្នានេះ ក្រុមការងារក៏បានផ្សព្វផ្សាយការអប់រំសុខភាព ដោយណែនាំឱ្យគ្រួសារទាំងអស់ថែរក្សាបរិស្ថានជុំវិញលំនៅឋានឱ្យបានស្អាត បរិភោគទឹកឆ្អិន កាត់បន្ថយការទទួលទានអាហារដែលមានជាតិប្រៃ ផ្អែម និងខ្លាញ់ខ្ពស់ ដើម្បីបង្ការជំងឺមិនឆ្លង ដូចជា ជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម មហារីក និងជំងឺឱកាសនិយមផ្សេងៗ។
ក្នុងឱកាសនោះដែរ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានប្រគល់អំណោយមនុស្សធម៌ជូនគ្រួសារនីមួយៗ រួមមាន អង្ករ ៣០គីឡូក្រាម មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា សាប៊ូដុសខ្លួន ឃីដសម្ភារៈចំនួន ១កញ្ចប់ និងថវិកាមួយចំនួន ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។







