អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បន្តដំណើរការនៃការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែងរបស់ខ្លួន បន្ទាប់ពីជំរឿនរបស់ក្រសួងមុខងារសាធារណៈរួចរាល់

នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម រស់ ថាន់សន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែងរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា លោក លោកស្រី អគ្គនាយករង អគ្គនាយិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងអនុប្រធានការិយាល័យជាច្រើនរូប។ 

ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានមានប្រសាសន៍ស្វាគមន៍ និងរាយការណ៍ជូនប្រធានអង្គប្រជុំអំពីរចនាសម្ព័ន្ធរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងវឌ្ឍនភាពការងារ ការពិនិត្យមុខតំណែង ដែលអគ្គនាយកដ្ឋានទូរទស្សន៍ជាតិ បានអនុវត្តក្នុងរយៈពេលកន្លងមក ដោយគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងព័ត៌មាន។

ឯកឧត្តម រដ្ឋលេខាធិការ ប្រធានអង្គប្រជុំ បានផ្តល់អនុសាសន៍អំពីដំណើរការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែងនេះ គឺត្រូវធ្វើឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងការពង្រឹងសមត្ថភាពរចនាសម្ព័ន្ធ និងសមិទ្ធកម្មមន្ត្រី ព្រមទាំងបង្កើនផលិតភាពការងារសម្រាប់មន្ត្រី និងស្ថាប័ន។

ឯកឧត្តម បានមានប្រសាសន៍ផងដែរ អំពីអត្ថប្រយោជន៍នៃការកំណត់ និងការពិពណ៌នាមុខតំណែងសម្រាប់ក្រសួងព័ត៌មាន និងអង្គភាពក្រោមឱវាទ អ្នកគ្រប់គ្រង និងមន្ត្រី ដូចជា៖

– ប្រើប្រាស់ជាមូលដ្ឋានក្នុងការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស និងផែនការធនធានមនុស្សបានច្បាស់លាស់តាមតម្រូវការជាក់ស្តែង

– ពង្រឹងប្រសិទ្ធភាពនៃការជ្រើសរើស ការតែងតាំងមន្ត្រី និងការពង្រាយមន្ត្រី 

– ប្រើជាមូលដ្ឋានសម្រាប់ការលើកទឹកចិត្ត ការរៀបចំបៀវត្ស និងលាភការផ្សេងៗ

-ប្រើប្រាស់ជាមូលដ្ឋានក្នុងការវាយតម្លៃសមិទ្ធកម្មរបស់មន្ត្រី ក្នុងការអនុវត្តប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម។

បន្ថែមពីនេះ ឯកឧត្តម ប្រធានអង្គប្រជុំ បានបញ្ជាក់លម្អិតអំពីការកំណត់មុខតំណែងគ្រប់គ្រង ឬមុខតំណែងវិជ្ជាជីវៈ ដែលមាននៅក្នុងរចនាសម្ព័ន្ធរបស់អង្គភាពចំណុះក្រសួងព័ត៌មាន ត្រូវកំណត់ឲ្យបានច្បាស់ដែល មុខតំណែងគ្រប់គ្រង៖ សំដៅដល់មុខតំណែងតាមឋានានុក្រមដែលមានកំណត់នៅក្នុងរចនាសម្ព័ន្ធ គ្រប់គ្រងរបស់ក្រសួង ដូចជាអគ្គលេខាធិការ អគ្គនាយក អគ្គនាយិកា អគ្គនាយករង អគ្គនាយិការង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ ។ ចំពោះមុខតំណែងវិជ្ជាជីវៈ៖ សំដៅដល់ប្រភេទមុខតំណែង ដែលមានចរិតលក្ខណៈជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ដើម្បីអនុវត្តមុខងារ និងភារកិច្ចក្នុងការងារ ឬវិស័យជំនាញណាមួយនៅក្នុងអង្គភាព ស្របតាមរចនាសម្ព័ន្ធនៃក្រសួងព័ត៌មាន។

ក្នុងឱកាសនោះ ឯកឧត្តម រស់ ថាន់សន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបន្ថែមផងដែរ អំពីការពិនិត្យ វិភាគមុខងារ និងរចនាសម្ព័ន្ធ ព្រោះការរៀបចំមន្ត្រីជារឿងសំខាន់ បន្ទាប់ពីការធ្វើជំរឿន ដើម្បីឲ្យដឹងអំពីកម្លាំងពិតរបស់មន្ត្រីរាជការរួច ត្រូវចាប់ផ្តើមរៀបចំការកំណត់ និងពិពណ៌នាមុខតំណែង ដែលជាជំហានឆ្ពោះបន្តទៅបញ្ចប់ការរៀបចំរចនាសម្ព័ន្ធ។

មុននឹងបញ្ចប់ អង្គប្រជុំបានពិភាក្សាគ្នាយ៉ាងសស្រាក់សម្រាំ ក្នុងគោលបំណងស្វែងរកមធ្យោបាយធ្វើយ៉ាងណាឲ្យការអនុវត្តការកំណត់មុខងារ និងការពិពណ៌នាមុខតំណែងរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដំណើរការប្រកបដោយគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព៕