អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអញ្ជើញជាអធិបតីកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តវិធានការមុតស្រួចក្នុងការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ចរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សម្រាប់អនុវត្តក្នុងឆ្នាំ២០២៦
នាព្រឹកថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តវិធានការមុតស្រួចក្នុងការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ចរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សម្រាប់អនុវត្តក្នុងឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីគយនិងរដ្ឋាករមួយចំនួន។
ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គ-នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរាយការណ៍ពីលទ្ធផលការអនុវត្តវិធានការជារួម ដែលសម្រេចបានក្នុងរយៈពេល ៣ខែ បន្ទាប់ពីការដាក់ចេញនូវកញ្ចប់វិធានការនេះកាលពីដើមខែឧសភា ឆ្នាំ២០២៦ ដែលក្នុងចំណោមវិធានការសរុបចំនួន ៣១ មាន ៩ វិធានការត្រូវអនុវត្តពេញលេញ, ១៣ វិធានការជាកិច្ចការដែលត្រូវអនុវត្តជាប្រចាំ, និង ៩ វិធានការកំពុងស្ថិតក្នុងដំណើរការអនុវត្ត ឬត្រូវបញ្ចប់នៅមុនដំណាច់ឆ្នាំ២០២៦ នេះ។ ទោះបីជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន លទ្ធផលសំខាន់នៃការអនុវត្តវិធានការទាំងនេះ គឺការកើនឡើងនៃសមាសភាគចំណូលប្រមូលពីក្រុមទំនិញចម្រុះ ដែលដើរតួនាទីប្រមាណ ៤២,៩% កាលពីខែមេសា មកដល់ប្រមាណ ៤៩,៥% ក្នុងខែកក្កដា ស្របពេលដែលសមាសភាពចំណូលពីការនាំចូលផលិតផលតេលសិលាមានការធ្លាក់ចុះខ្លាំង ដោយសារការដាក់ជាបន្ទុករបស់រដ្ឋនូវពន្ធ និងអាករលើការនាំចូលផលិតផលឥន្ធនៈ។
បន្ថែមលើនេះ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានរាយការណ៍លម្អិតជូនអង្គប្រជុំអំពីវឌ្ឍនភាពការអនុវត្តនូវវិធានការតាមផ្នែកទទួលខុសត្រូវរៀងៗខ្លួន ពាក់ព័ន្ធនឹងការងារបង្ក្រាបអំពើរត់គេចពន្ធ ការសម្រួលពាណិជ្ជកម្ម និងការពង្រឹងអភិបាលកិច្ចក្នុងអង្គភាព ព្រមទាំងវឌ្ឍនភាពលម្អិតអំពីការប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ផងដែរ។
ជាទីបញ្ចប់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសម្រេចបាន ទាំងការអនុវត្តវិធានការមុតស្រួច ក៏ដូចជាសមិទ្ធផលផ្នែកបច្ចេកវិទ្យាព័ត៌មានដែលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដែលសម្រេចបាន នាពេលកន្លងមក។ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់ប្រឹងប្រែងបន្ថែមទៀតក្នុងការអនុវត្តវិធានការមុតស្រួចដែលបានដាក់ចេញ ជាពិសេស លើការពង្រឹងប្រសិទ្ធភាពការងារបច្ចេកទេសគយ និងការខិតខំពង្រឹងយន្តការគ្រប់គ្រងដើមទីបន្ថែមទៀតដើម្បីទប់ស្កាត់អំពើរត់គេចពន្ធ និងបន្លំពន្ធ។ ដោយឡែក សម្រាប់ការងារបចេ្ចកវិទ្យាព័ត៌មាន, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ បានផ្ដល់ការណែនាំជាក់លាក់បន្ថែមមួយចំនួន រួមមាន ទី១. បន្តខិតខំកែសម្រួលប្រព័ន្ធស្វ័យប្រវត្តិកម្មគយដែលមានស្រាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្លាយជាប្រព័ន្ធអេកូឡូស៊ីពេញលេញ (Complete Ecosystem) និងមានសមត្ថភាពតភ្ជាប់ទិន្នន័យ (API Integration) ជាមួយប្រព័ន្ធផ្សេងៗទៀតតាមតម្រូវការចាំបាច់ ទី២. រៀបចំ និងបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI Integration) ចូលទៅក្នុងកិច្ចប្រតិបត្តិការគយឱ្យបានទូលំទូលាយដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូល និងផ្តល់នូវកិច្ចសម្រួលពាណិជ្ជកម្ម, និង ទី៣. រៀបចំក្របខ័ណ្ឌនិម្មាបនកម្មប្រព័ន្ធឌីជីថលគយ (Digital Customs Architecture Framework) ឱ្យបានគ្រប់ជ្រុងជ្រោយ សំដៅធានានិរន្តរភាពនៃការប្រើប្រាស់ និងការពង្រីកមុខងារប្រព័ន្ធ សម្រាប់រយៈពេលវែង។






