ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ អប់រំផ្សព្វផ្សាយការបង្ការមេរោគអេដស៍ និងការថែទាំសុខភាពជូនប្រជាសហគមន៍នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយជូនប្រជាពលរដ្ឋក្នុងសហគមន៍ ស្ថិតនៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្តីពីការបង្ការមេរោគអេដស៍ (HIV/AIDS) សុវត្ថិភាពក្នុងការឆ្លងដែន ការថែទាំសុខភាព និងអនាម័យ។

ក្រុងប៉ោយប៉ែត ជាក្រុងមួយក្នុងចំណោមក្រុង-ស្រុកទាំង៩ នៃខេត្តបន្ទាយមានជ័យ ដែលមានព្រំប្រទល់ជាប់ប្រទេសថៃ និងមាន៥សង្កាត់។ បច្ចុប្បន្នមានប្រជាពលរដ្ឋជាង២,៤០០គ្រួសារ ស្មើនឹងប្រមាណជាង១០ម៉ឺននាក់ កំពុងរស់នៅក្នុងតំបន់នេះ ដែលក្នុងនោះប្រមាណ៨០ភាគរយជាអាជីវករ ២០ភាគរយជាកសិករ និង៥ភាគរយជាបុគ្គលិក កម្មករ។

ក្នុងឱកាសនោះ អ្នកបច្ចេកទេសបានធ្វើបទបង្ហាញ និងចែករំលែកចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងការថែទាំសុខភាពផ្ទាល់ខ្លួន និងសុខភាពសាធារណៈ។ ចំពោះជំងឺអេដស៍ (HIV/AIDS) វាគ្មិនបានបញ្ជាក់ថា មេរោគអេដស៍មិនឆ្លងតាមរយៈការហូបបាយរួមគ្នា ការចាប់ដៃ ឬការរស់នៅជាមួយគ្នានោះទេ ប៉ុន្តែត្រូវប្រើស្រោមអនាម័យឱ្យបានត្រឹមត្រូវនៅពេលមានហានិភ័យ និងគួរទៅធ្វើតេស្ត HIV ប្រសិនបើមានការប្រឈម។ អ្នកផ្ទុកមេរោគ HIV អាចរស់នៅបានយូរ និងមានសុខភាពល្អ ប្រសិនបើលេបថ្នាំ ARV ជាប្រចាំ តាមការណែនាំរបស់គ្រូពេទ្យ ព្រមទាំងបានអំពាវនាវកុំឱ្យមានការរើសអើង ឬមាក់ងាយអ្នកផ្ទុកមេរោគ HIV។

ក្រៅពីនេះ អ្នកបច្ចេកទេសក៏បានផ្សព្វផ្សាយអំពីការបង្ការជំងឺមិនឆ្លង ដូចជា ជំងឺបេះដូង សរសៃឈាម ទឹកនោមផ្អែម ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺមហារីក ដោយណែនាំឱ្យប្រជាពលរដ្ឋកាត់បន្ថយការបរិភោគអំបិល ស្ករ និងខ្លាញ់ បរិភោគបន្លែ និងផ្លែឈើឱ្យបានច្រើន ហាត់ប្រាណជាប្រចាំ កុំជក់បារី កាត់បន្ថយការទទួលទានគ្រឿងស្រវឹង និងពិនិត្យសុខភាពជាប្រចាំ។

ជាមួយគ្នានេះ ក៏មានការផ្តល់ចំណេះដឹងអំពីការថែទាំសុខភាពគ្រួសារ ដោយលើកទឹកចិត្តឱ្យលាងដៃជាមួយសាប៊ូជាញឹកញាប់ ផឹកទឹកស្អាត បរិភោគអាហារប្រកបដោយសុវត្ថិភាព ចាក់វ៉ាក់សាំងតាមកាលវិភាគ ស្ត្រីមានផ្ទៃពោះត្រូវទៅពិនិត្យផ្ទៃពោះជាទៀងទាត់ និងប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ប្រសិនបើមានរោគសញ្ញាខុសប្រក្រតី។

កម្មវិធីអប់រំផ្សព្វផ្សាយនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីការបង្ការមេរោគអេដស៍ ការបង្ការជំងឺឆ្លង និងជំងឺមិនឆ្លង ការថែទាំសុខភាព អនាម័យផ្ទាល់ខ្លួន និងអនាម័យបរិស្ថាន ដើម្បីរួមចំណែកកសាងសហគមន៍ដែលមានសុខភាពល្អ និងសុវត្ថិភាព។

សូមបញ្ជាក់ថា កម្មវិធីនេះមានការចូលរួមពីប្រជាពលរដ្ឋប្រមាណ៥០នាក់។ អ្នកចូលរួមបានស្តាប់ការផ្សព្វផ្សាយដោយយកចិត្តទុកដាក់ ព្រមទាំងបានលើកជាសំណួរពាក់ព័ន្ធនឹងប្រធានបទផ្សេងៗ ហើយទទួលបានការបកស្រាយយ៉ាងច្បាស់លាស់ពីក្រុមអ្នកបច្ចេកទេស ដែលបានជួយបង្កើនការយល់ដឹង និងជំរុញឱ្យអនុវត្តវិធានការការពារសុខភាពក្នុងជីវភាពប្រចាំថ្ងៃ។