ក្រុងកំពង់សោម៖ ប្រសិនបើអ្នកកំពុងស្វែងរកទីតាំងសម្រាកលំហែកាយ ដែលមានភាព ស្ងប់ស្ងាត់ បែបឯកជន និងឆ្ងាយក្រុង «ឆ្នេរព្រែកចាក» គឺជាគោលដៅទេសចរណ៍ធម្មជាតិដ៏ស័ក្តិសមបំផុត ដែលស្ថិតនៅចុងផុតនៃតំបន់អភិរក្ស នៃឧទ្យានជាតិរាម។
«ឆ្នេរព្រែកចាក»មានទីតាំងស្ថិតនៅក្នុងចំណោមតំបន់ឆ្នេរល្បីៗផ្សេងទៀតដូចជា ឆ្នេរសមុទ្ររាម ឆ្នេរកោះសំពោច (កោះរាជបុត្រ) និងឆ្នេរមាសឆ្នេរប្រាក់ មានចម្ងាយ២៤ គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ ជាង ១០ គីឡូម៉ែត្រ ពីអាកាសយានដ្ឋានអន្តរជាតិកងកេង ។
សម្រាប់ការធ្វើដំណើរ អ្នកទេសចរត្រូវបត់ឆ្វេងតាម រង្វង់មូលព្រះនារាយណ៍ ប្រមាណជាង ៣ គីឡូម៉ែត្រ រួចបន្តដំណើរតាមផ្លូវលំក្រាលគ្រួសក្រហម ដែលអមដោយសម្រស់ធម្មជាតិដើមឈេឺ ភ្នុំវាលស្មៅទាបខ្ពស់ឆ្លងស្ពានព្រែក គយគន់ដើមចាកដុះតាមព្រែក និងជីវភាពប្រជាពលរដ្ឋក្នុងតំបន់នោះ រកក្តាមបង្គា និងផលនេសាទសមុទ្រតាមព្រែក ទៅដល់ទីតាំងឆ្នេរលោកអ្នកនិងឃើញដើមដូងត្រង់ឈរត្រៀបត្រាយ៉ាងច្រើនប្លែកភ្នែក។
សម្រស់ធម្មជាតិ និងបរិយាកាស
ឆ្នេរព្រែកចាក ត្រូវបានគេស្គាល់ថាជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាលដែលនៅរក្សាបាននូវភាពដើមយ៉ាងល្អ ទេសភាពជុំវិញ អមដោយព្រៃឈើ និងជួរភ្នំយ៉ាងក្រាស់ បង្កើតបានជាទស្សនីយភាពបត់បែនយ៉ាងទាក់ទាញ មានខ្យល់អាកាសបរិសុទ្ធ ស្ងប់ស្ងាត់ ព្រមទាំងទឹករលកសមុទ្រពណ៌ខៀវស្រងាត់ថ្លាដូចកញ្ចក់ ប៉ះជាមួយឆ្នេរខ្សាច់សម៉ដ្ឋខៃដែលលាតសន្ធឹងយ៉ាងវែងអន្លាយ។
ទីតាំងនេះស័ក្តិសមបំផុតសម្រាប់អ្នកដែលប្រាថ្នាចង់បាន «ជីវិតឯកជន» ក្នុងអំឡុងពេលលំហែកាយ។ អ្នកទេសចរអាចមកសម្រាកយកកម្លាំង អានសៀវភៅយ៉ាងស្ងប់ស្ងាត់លើឆ្នេរខ្សាច់ ស្តាប់សំឡេងទឹករលក និងស្រូបយកខ្យល់អាកាសបរិសុទ្ធពីធម្មជាតិពិតៗ ហើយនៅទីនោះក៍មានបងប្អូនប្រជាពលរដ្ឋ បម្រើសេវាកម្មម្ហូបអាហារ ក្នុងតម្លៃសមរម្យផងដែរ ។
អត្ថបទ៖ មន សូត្រ
រូបភាព៖ រដ្ឋបាលក្រុងកំពង់សោម







