បុគ្គលិកជួរមុខនៅប្រទេសកុងហ្គោដែលធ្វើការងារឆ្លើយតបជាមួយនឹងស្ថានភាពជំងឺអេបូឡាមិនទទួលបានប្រាក់ឈ្នួលនៅឡើយទេរហូតមកដល់ពេលនេះ និងបន្តធ្វើការហួសកម្លាំង

បន្ទាប់ពីធ្វើការអស់រយៈពេលជាច្រើនខែ នៅក្នុងករណីផ្ទុះឡើងនៃជំងឺអេបូឡាចុងក្រោយបំផុត នាភាគខាងកើតប្រទេសកុងហ្គោ បុគ្គលិកជួរមុខ ដែលធ្វើការហួសកម្លាំង កំពុងសួរសំណួរថា តើពួកគេនឹងបន្តការងារនេះដែរ ឬទេ ព្រោះពួកគេមិនទាន់ទទួលបានប្រាក់ខែនៅឡើយ។ លោក Wiza Bondele គឺជាបុគ្គលិកម្នាក់ក្នុងចំណោមពួកគេដែលបានធ្វើការ នៅក្នុងក្រុមឆ្លើយតបជាមួយនឹងជំងឺអេបូឡាក្នុងអំឡុងពេលផ្ទុះឡើង នៃជំងឺអេបូឡានៅប្រទេសកុងហ្គោ ចាប់ពីឆ្នាំ២០១៨។ ដូច្នេះនៅពេលដែលគាត់ឃើញការងារទំនេរម្តងទៀត គាត់គិតថាគាត់នឹងក្លាយជាបេក្ខជនដ៏ល្អម្នាក់។ គាត់ត្រូវបានគេជួលឱ្យធ្វើការនៅក្នុងក្រុមបង្ការ និងគ្រប់គ្រងការឆ្លងមេរោគអេបូឡា ដែលចូលទៅក្នុងផ្ទះប្រជាជន ដែលមានសមាជិកណាម្នាក់បានស្លាប់ដោយសារជំងឺអេបូឡា និងសម្លាប់មេរោគគ្រប់យ៉ាងចាប់ពីក្លោងទ្វាររហូតដល់ពូកគ្រែអ្នកជំងឺ។ ប៉ុន្តែ លោក Bondele បានធ្វើការងារនេះអស់រយៈពេលជាច្រើនខែមកហើយ ដោយគ្មានប្រាក់ឧបត្ថម្ភ។ នៅក្នុងខែកក្កដា គាត់ក៏បានចូលរួមជាមួយបុគ្គលិកថែទាំសុខភាពផ្សេងទៀត ក្នុងកូដកម្មមួយជុំវិញស្នើសុំបើកប្រាក់ខែ ដែលមិនទាន់ទទួលបាន និងលក្ខខណ្ឌការងារដ៏គ្រោះថ្នាក់នេះ។ គាត់បានបញ្ជាក់ថាពួកយើងបានធ្វើកូដកម្ម ពីព្រោះយើងបានរកឃើញថា យើងកំពុងធ្វើការក្រោមលក្ខខណ្ឌដ៏គ្រោះថ្នាក់ និងលះបង់ថាមពលរបស់យើង។ យើងធ្វើការក្នុងស្ថានភាពប្រថុយប្រថានខ្លាំងណាស់។ អ្នកអាចនឹងឃើញខ្លួនឯងស្ថិតក្នុងស្ថានភាពដែលមានអ្នកជំងឺក្អួតឈាម ហើយអ្នកត្រូវតែសម្អាតវា! ព្រោះយើងគិតថាយើងសមនឹងទទួលបានទាំងប្រាក់ឧបត្ថម្ភ និងប្រាក់ខែរបស់យើងចំពោះការលះបង់មួយនេះ។ ពេលដែលយើងដឹងថាអាជ្ញាធរមិនបាននិយាយអ្វីទាំងអស់អំពីប្រាក់ខែរបស់យើង យើងបានសម្រេចចិត្តធ្វើកូដកម្មតែម្តង»។ គាត់បាននិយាយថា អ្នកដែលទទួលបានប្រាក់ខែត្រូវបានផ្តល់ប្រាក់ចំនួន ៣៨០ ដុល្លារ ជាជាងអ្នកទទួលបាន៥១០ ដុល្លារដែលពួកគេត្រូវបានសន្យា មុនពេលជួលពួកយើង។ លោក Bondele ក៏បានត្អូញត្អែរអំពីលក្ខខណ្ឌការងារមិនមានសុវត្ថិភាពផងដែរ គាត់បានធ្វើការ៧ថ្ងៃក្នុងមួយសប្តាហ៍ ដោយជារឿយៗ គឺត្រូវពាក់ឧបករណ៍ការពារខ្លួនទំងន់ធ្ងន់ៗ រយៈពេលយូរជាងការណែនាំទៅទៀត៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ