ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅបារាំង និងអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីក្នុងជំនួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង និងរដ្ឋាភិបាលអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

សូមបញ្ជាក់ថា កម្មវិធីអាហារូបករណ៍ រដ្ឋាភិបាលអៀរឡង់ Ireland Fellows Programme គឺជាកម្មវិធីអន្តរជាតិដ៏មានកិត្យានុភាពមួយ ដែលមានប្រវត្តិជាង ៥២ឆ្នាំមកហើយ។ កម្មវិធីនេះ មានគោលដៅបណ្តុះបណ្តាលអ្នកជំនាញដែលមាន បទពិសោធន៍ការងារកម្រិតដំបូងនិងកម្រិតមធ្យមឱ្យក្លាយជាអ្នកដឹកនាំប្រកបដោយសមត្ថភាពខ្ពស់ តាមរយៈការសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ រយៈពេលមួយឆ្នាំ។ នៅចុងខែសីហាខាងមុខនេះ ក្រុមនិស្សិតទាំង១២រូប (ស្ត្រី ៤រូប និងបុរស ៨រូប) នឹងត្រូវចេញដំណើរទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅតាមបណ្តាសាកលវិទ្យាល័យផ្សេងៗគ្នាចំនួន ៦ ក្នុងសាធារណរដ្ឋអៀរឡង់។ ដោយឡែក សម្រាប់កម្មវិធីអាហារូបករណ៍ រដ្ឋាភិបាលសាធារណរដ្ឋបារាំង មាននិស្សិតសរុបចំនួន ១៣រូប (ស្ត្រី ៤រូប) ដែលមានសមាសភាពជានិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដែលនឹងត្រូវបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ទៅសាធារណរដ្ឋបារាំង លើមុខជំនាញចំនួន ៥។

ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានសម្តែងនូវការកោតសរសើរ និងអបអរសាទរយ៉ាងស្មោះចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រកួតប្រជែងរហូតទទួលបានឱកាសទៅបន្តការសិក្សានៅតាមបណ្តាសាកលវិទ្យាល័យល្បីៗនៅអឺរ៉ុប។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសបារាំង និងអៀរឡង់ ដែលបានបន្តគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដោយក្នុងនោះ៖

រដ្ឋាភិបាលបារាំង៖ បានផ្តល់អាហារូបករណ៍ដល់និស្សិត និងមន្ត្រីរាជការកម្ពុជាជិត ៤០០នាក់ (ចាប់ពីឆ្នាំ២០២០ ដល់២០២៦)។ រដ្ឋាភិបាលអៀរឡង់៖ បានផ្តល់អាហារូបករណ៍សរុបប្រមាណ ២៦នាក់ (ចាប់ពីឆ្នាំ២០១៦ ដល់២០២៦)។

ឯកឧត្តមអនុប្រធានទី១ រដ្ឋសភា ក៏បានផ្តល់អនុសាសន៍ និងការផ្តាំផ្ញើសំខាន់ៗចំនួន ៤ចំណុច ជូនដល់ក្រុមនិស្សិតជ័យលាភី រួមមាន៖

១- យកចិត្តទុកដាក់លើសុខភាពផ្លូវកាយ និងផ្លូវចិត្ត ក្នុងការសម្របខ្លួនទៅនឹងបរិយាកាសសិក្សា ការស្រាវជ្រាវ និងវប្បធម៌ថ្មីនៅអឺរ៉ុប។

២- ចូលរួមផ្សព្វផ្សាយពីការពិតនៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច សន្តិភាព អរិយធម៌ និងសក្តានុពលទេសចរណ៍កម្ពុជា (ជាពិសេសប្រាសាទអង្គរវត្ត) ទៅកាន់មិត្តភក្តិអន្តរជាតិ។

៣- ចែករំលែកវប្បធម៌ និងប្រពៃណីខ្មែរ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពរវាងប្រជាជនកម្ពុជា និងអឺរ៉ុប។

៤- ក្រសោបយកចំណេះដឹង និងបទពិសោធន៍ល្អៗពីបរទេស ដើម្បីត្រឡប់មកវិញចូលរួមអភិវឌ្ឍន៍សង្គមជាតិ និងកសាងមូលធនមនុស្សនាពេលអនាគត។

បន្ថែមពីនេះ ឯកឧត្តមក៏បានគូសបញ្ជាក់ពីកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ និងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ធំៗក្នុងឆ្នាំ២០២៦ នេះ រួមមាន «សន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២» នៅចុងខែសីហា និង «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (OIF) លើកទី២០» នៅខែវិច្ឆិកា ខាងមុខ ដែលនឹងមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាច្រើនប្រទេស រួមទាំងប្រធានាធិបតីបារាំងផងដែរ៕