ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ ៩ គ្រោងដាក់ឱ្យដំណើរការមុនភ្ជុំបិណ្ឌ បន្ទាប់ពីការសាងសង់សម្រេចបាន៩០% ហើយ
ភ្នំពេញ ៖ ស្ថានីយបូមទឹកគីឡូលេខ៩ បានចាប់ផ្តើមការសាងសង់ឡើង ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយការដ្ឋានសម្រេចបាន៩០%ហើយ គ្រោងភ្ជាប់ទុយោជាមួយស្ថាន៍យ នៅមុនបុណ្យភ្ជំបិណ្ឌ ដើម្បីបូមទឹកទម្លាក់ចូលទន្លេ និង គ្រោងបញ្ចប់ការដ្ឋានទាំងស្រុងនៅខែវិច្ឆិកាឆ្នាំ២០២៦ខាងមុខនេះ។ ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ នេះ ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដែលមានសមត្ថភាពបូមរំដោះទឹកបាន៨,៣៤ម៉ែត្រគុប ក្នុង១វិនាទី។
ស្ថានីយបូមទឹកនេះមាន ម៉ូទ័រ ៤គ្រឿងម៉ូទ័រ មុខកាត់១ម៉ែត្រ កំលាំងបូម ៩០០០ ម៉ែត្រគុប /ម៉ោង មានចំនួន២គ្រឿង។ ម៉ូទ័រ មុខកាត់ ០.៨ម៉ែត្រ កំលាំងបូម ៦០០០ ម៉ែត្រគុប/ម៉ោង មានចំនួន២គ្រឿងសរុបកំលាំងបូមទឹក ៣០,០០០ម៉ែត្រគុប/ ម៉ោង ឬ ៨,៣៤ ម៉ែត្រគុប/វិនាទី។
លោក គន់ សោភា ប្រធានការិយាល័យសាធារណការនិងដឹកជញ្ជូន ខណ្ឌឫស្សីកែវ បានឱ្យដឹងថា៖ ស្ថានីយបូមទឹកគីឡូលេខ៩ មានតួនាទីបូមរំដោះទឹកចេញពីប្រឡាយបាក់ទូក ប្រឡាយអូវែង មកគីឡូម៉ែត្រលេខ៩។ ស្ថានីយបូមទឹកនេះ មិនត្រឹមតែរំដោះទឹកនៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវប៉ុណ្ណោះទេ គឺបានរំដោះទឹកចេញ ខណ្ឌដូនពេញ និង ខណ្ឌទួលគោកថែមទៀត។
ក្នុងនោះលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានឱ្យដឹងដែរថា៖ ការស្តាប្រឡាយបាក់ទូក និងប្រឡាយអូរវែង ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានអនុវត្តរយៈពេល១២២ ថ្ងៃមកហើយ ដោយចាប់ពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។ ជាលទ្ធផលប្រឡាយបាក់ទូកស្តាបានប្រវែង ៣,៥២០ម៉ែត្រ និងប្រឡាយអូរវែងស្តាបានប្រវែង ៣,៤៨០ម៉ែត្រសរុបប្រវែង៧,០០០ម៉ែត្រ។ ប្រើប្រាស់គ្រឿងចក្រ និងមធ្យោបាយ ១១គ្រឿង(រថយន្តបូមដឹកសំណល់ចេញ០៥គ្រឿង ,អ៊ិចស្កាវ៉ាទ័រដៃវែង០៣គ្រឿង, អ៊ិចស្កាវ៉ាទ័រដៃខ្លី ០១គ្រឿង, សាឡង់០១គ្រឿង។ ប្រឡាយទាំង២នេះ ជួយរំដោះទឹកភ្លៀងពេលមានភ្លៀងធ្លាក់ខ្លាំង ការពារការលិចលង់ និងជាទីតាំងយុទ្ធសាស្ត្រ ទទួលទឹកហូរធ្លាក់ពីស្ថានីយ៍បូមទឹកទួលគោក៕







