ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ៖ «ជម្រះអតីតកាល ការពារអនាគត» ពីវាលមីន ឆ្ពោះទៅកាន់វាលសន្តិភាព និងការអភិវឌ្ឍ
ខេត្តរតនគិរី៖ នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ នៅសាលាខេត្តរតនគិរី ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំជាមួយពាក់ព័ន្ធក្នុងខេត្តរតនគិរី ស្តីពីការផ្សារភ្ជាប់សកម្មភាពមីនជាមួយការអភិវឌ្ឍ។
កិច្ចប្រជុំនេះ មានការចូលរួមពី លោក វ៉ាន់ សោភា អភិបាលរងខេត្ត តំណាងរបស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក និងប្រតិបត្តិករសកម្មភាពមីន។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានកោតសរសើរដល់រដ្ឋបាលខេត្តរតនគិរី ដែលបានខិតខំប្រែក្លាយសក្តានុពលធម្មជាតិ និងភាពសម្បូរបែបរបស់ខេត្ត ទៅជាកម្លាំងជំរុញការអភិវឌ្ឍ ធ្វើឱ្យមុខមាត់ខេត្តកាន់តែមានភាពរីកចម្រើន និងជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ។ ឯកឧត្តមបានបញ្ជាក់ថា សមិទ្ធផលទាំងនេះ កើតចេញពីការខិតខំរួមគ្នារបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត ដែលបានកសាងខេត្តឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ពាក់ព័ន្ធនឹងបេសកកម្មសកម្មភាពមីននៅកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានជំរុញ និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ បន្តរួមគ្នាអនុវត្តនូវស្មារតី «ជម្រះអតីតកាល ការពារអនាគត» ដោយបន្តស្វែងរក និងកម្ចាត់គ្រោះថ្នាក់ដែលលាក់បំបាំង មុនពេលគ្រោះថ្នាក់ទាំងនោះបង្កផលប៉ះពាល់ដល់ប្រជាជន ព្រមទាំងប្រែក្លាយចម្ការមីន ទៅជាវាលសន្តិភាព វាលស្រែប្រកបដោយសុវត្ថិភាព ជាប្រភពនៃក្តីសង្ឃឹម និងជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍ។
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានគូសបញ្ជាក់បន្ថែមថា សកម្មភាពមីន គឺជាបេសកកម្មមនុស្សធម៌ដ៏មានសារៈសំខាន់ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំណត់គោលដៅច្បាស់លាស់តាមរយៈ «គោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥» ដើម្បីឆ្ពោះទៅកាន់កម្ពុជាគ្មានផលប៉ះពាល់ពីយុទ្ធភណ្ឌគ្រឿងផ្ទុះ ហើយមិនមានជនរងគ្រោះដោយសារមីនណាម្នាក់ ត្រូវបានទុកចោលឡើយ»។
ជាមួយគ្នានេះ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីន សប្បុរសជន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមគាំទ្រយ៉ាងសកម្មដល់បេសកកម្មមនុស្សធម៌នៃសកម្មភាពមីននៅកម្ពុជា។ ឯកឧត្តមបានបន្ថែមថា ការគាំទ្រទាំងនេះបានរួមចំណែកសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់មីន លើកកម្ពស់សុវត្ថិភាព និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ធ្វើឱ្យប្រជាពលរដ្ឋអាចរស់នៅប្រកបដោយសុខសាន្ត និងក្តីសង្ឃឹមសម្រាប់អនាគត។







