ខេត្តមណ្ឌលគិរី ប្រារព្វខួបអនុស្សាវរីយ៍លើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ឧសភា ឆ្នាំ២០២៦ ដើម្បីរំលឹកគុណូបការៈ និងវីរភាពដ៏ឧត្តុង្គឧត្តម

ខេត្តមណ្ឌលគិរី ៖ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តមណ្ឌលគិរី បានរៀបចំប្រារព្វខួបអនុស្សាវរីយ៍លើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្ត ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្ត រួមទាំងសមាជិក សមាជិកា គណៈកម្មាធិការសមាគម និង អ៊ុំ ពូ មីង បង ប្អូន ជាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦។

ឯកឧត្តម គង់ គឹមនី អភិបាលខេត្ត បានសម្តែងនូវការគោរពដឹងគុណចំពោះអតីតយុទ្ធជន និវត្តជនទាំងអស់ និងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជននិវត្តជនកម្ពុជា រួមទាំង សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជន ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការចូលរួមបម្រើការងារនៅក្នុងបុព្វហេតុ ជាតិមាតុភូមិ ។ ឯកឧត្តម បានកោតសរសើរ និងដឹងគុណចំពោះអតីតយុទ្ធជន និងនិវត្តជនទាំងអស់ ចំពោះការលះបង់ ការធ្វើពលីកម្មគ្រប់បែបយ៉ាង និងការចូលរួមបម្រើជាតិមាតុភូមិ ក្នុងការចូលរួមថែរក្សា ការពារសុខសន្តិភាព សុវត្ថិភាព ជូនសង្គមជាតិ។ ឯកឧត្តម ណែនាំដល់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បន្តចុះសួរសុខទុក្ខអតីតយុទ្ធជន និវត្តជននៅតាមមូលដ្ឋាន ដើម្បីផ្សារភ្ជាប់មនោសញ្ចេតនា និងលើកទឹកចិត្តដល់អតីតយុទ្ធជន យុទ្ធជន និងយុទ្ធនារីទាំងអស់។ ត្រូវបន្តអនុវត្តឱ្យបានល្អ និងមានប្រសិទ្ធភាពនូវការផ្តល់សេវាគាំពារសុខុមាលភាពអតីតយុទ្ធជន និវត្តជន និងការផ្ដល់របបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារ តាមរយៈមូលនិធិជាតិជំនួយសង្គម។ បន្តចូលរួម ក្នុងការជួយឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល ជាពិសេស ត្រូវយកចិត្តទុកដាក់ជួយឧបត្ថម្ភ គាំទ្រដល់គ្រួសារអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិលដែលកំពុងជួបប្រទះការលំបាក។

នាឱកាសនោះ ថ្នាក់ដឹកនាំខេត្ត បានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ៤ម៉ឺនរៀល ក្នុងម្នាក់ៗ ដល់អ៊ុំ ពូ មីង បង ប្អូន ជាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តចំនួន ១៥០នាក់ ដែលបានចូលរួមកម្មវីធីផង៕