លោកស្រីនាយករដ្ឋមន្ត្រីជប៉ុនចុះត្រួតពិនិត្យតំបន់រងគ្រោះរញ្ជួយដីដែលកំពុងរងឥទ្ធិលរលកកំដៅដ៏ខ្លាំងផង ខណៈតួរលេខមនុនស្សស្លាប់កើនដល់៣៨នាក់-របួស១១៤នាក់-ខូចខាតអគារ១១.៣០០
នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi បានចុះទៅត្រួតពិនិត្យខេត្ត Kumamoto ភាគនិរតីប្រទេសដែលរងគ្រោះដោយរញ្ជួយដីកាលពីថ្ងៃចន្ទសប្តាហ៍មុនកម្រិត ៧.១ រ៉ិចទ័រជាលើកដំបូង បានវាយប្រហារតំបន់នេះមួយប៉ព្រិចភ្នែកស្ទើគ្រប់ទីកន្លែងកន្លែង។ មនុស្សចំនួន៣៨នាក់បានស្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិតដ៏ខ្លាំងនេះ រួមទាំងមនុស្សម្នាក់ទៀតបានស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលព្រោះតែកំដៅកើនឡើង ក្រោយពីរូបគេកំពុងជ្រកកោនក្នុងរថយន្តនៃអាកាសធាតុរលកកម្តៅ និងម្នាក់ទៀតស្លាប់ ក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងម៉ត់ចត់ដែរ។ ប្រជាពលរដ្ឋបានបោះចោលគំនរកំទេចកំទី មានគ្រឿងសង្ហារិមដែលខូច និងឧបករណ៍ប្រើប្រាស់ដែលបំផ្លិចបំផ្លាញ ខណៈពេលដែលនៅក្នុងទីក្រុង Uki និង Hikawa កំពុងចាប់ផ្តើមសាងសង់លំនៅដ្ឋានជាបណ្តោះអាសន្នឡើងវិញសម្រាប់ប្រជាជនរងផលប៉ះពាល់។ សណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនកំពុងផ្តល់បន្ទប់ជូនប្រជាជនបាត់បង់ផ្ទះសម្បែងពីគ្រោះរញ្ជួយដីឥតគិតថ្លៃ។ គ្រួសារជាង៤៦.០០០គ្រួសារនៅតែគ្មានទឹកប្រើប្រាស់ ហើយមនុស្សជាច្រើនក៏កំពុងប្រឈមមុខនឹងកង្វះខាតប្រេងឥន្ធនៈនានា ខណៈតំបន់ខ្លះកំពុងទទួលរងនូវរលកកំដៅខ្លាំង បង្កឱ្យមានការភ័យខ្លាចនៃជំងឺដែលទាក់ទងនឹងកំដៅដ៏អាក្រក់នេះ។ ទីភ្នាក់ងារឧតុនិយមជប៉ុនបានព្យាករណ៍ថាសីតុណ្ហភាពនឹងកើនឡើងដល់ជិត៤០អង្សាសេ ចាប់ពីថ្ងៃចន្ទនេះ។ មនុស្សជាង ៨.៥០០នាក់នៅតែស្នាក់នៅក្នុងជម្រកសង្គ្រោះបន្ទាន់ដែលមានមនុស្សច្រើនកុះករ មានដូចជាមជ្ឈមណ្ឌលសហគមន៍ ដែលបានកែច្នៃចេញពីកន្លែងហាត់ប្រាណ និងថ្នាក់រៀន ដែលភាគច្រើនខ្វះម៉ាស៊ីនត្រជាក់សម្រាប់ទប់ទល់នឹងអាកាសធាតុដ៏សែនក្តៅ។ អ្នកផ្សេងទៀតកំពុងយករថយន្តធ្វើជាគ្រែដេករបស់ពួកគេនៅចំណតរថយន្ត និងឧទ្យានសាលាក្រុង ឬនៅខាងក្រៅផ្ទះរបស់ពួកគេជាដើម។ អ្នកជំនាញបានព្រមានជាយូរមកហើយថា ការផ្តល់ជម្រកមិនគ្រប់គ្រាន់ក្រោយគ្រោះរញ្ជួយដីក៏អាចនាំឱ្យមានស្ថានភាពមានមនុស្សកកកុញ កង្វះអនាម័យ និងភាពឯកជនសម្រាប់មនុស្សនានាដែរ។ លោកស្រី Takaichi បានហោះហើរពីលើតំបន់ដែលរងផលប៉ះពាល់ តាមរយៈឧទ្ធម្ភាគចក្រកងទ័ព ហើយបានទៅសួរសុខទុក្ខមនុស្សនៅទីជម្រកមួយក្នុងចំណោមទីជម្រកផ្សេងទៀតដែលបានបំពាក់នូវឧបករណ៍ល្អៗក្នុងតំបន់នោះ ជាមួយនឹងគ្រែក្រដាសកាតុង មានជញ្ជាំង និងមានម៉ាស៊ីនត្រជាក់ ដែលជាហេតុបង្កឱ្យមានការរិះគន់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ដំណើរចុះត្រួតពិនិត្យរបស់លោកស្រីគឺខុសពីស្ថានភាពជាក់ស្តែងរបស់ជនរងគ្រោះ។ អភិបាលខេត្ត Kumamoto លោក Takashi Kimura បានជួបជាមួយលោកស្រី Takaichi ដោយរាយការណ៍ថា «រលកកំដៅនៃអាកាសធាតុនៅពេលនេះគឺមិនធម្មតាទេ» វាបានវាយប្រហារជីវិតរស់នៅរបស់ជនភៀសខ្លួនឲ្យកាន់តែលំបាកជាងមុន។ លោកបានស្វែងរកការគាំទ្របន្ថែមពីរដ្ឋាភិបាលដើម្បីកែលម្អស្ថានភាពរស់នៅនៅតាមមជ្ឈមណ្ឌលជម្លៀសមនុស្ស ដោយនិយាយថា មជ្ឈមណ្ឌលជាច្រើនខ្វះទឹកស្អាត និងការថែទាំសុខភាព។ លោក Takaichi បានមានប្រសាសន៍ថា “ដោយគិតគូរពីការរកឃើញពីការត្រួតពិនិត្យនេះ រដ្ឋាភិបាលនឹងពង្រឹង ថែមទាំងពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនផ្តល់កិច្ចការងារគាំទ្រការផ្គត់ផ្គង់គ្រប់ប្រភេទ តាមរយៈជំនួយ ក្នុងប្រតិបត្តិការជួយសង្គ្រោះដែលអនុវត្តដោយរដ្ឋាភិបាលខេត្តផ្ទាល់ និងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញពីគ្រោះមហន្តរាយ រួមទាំងការស្តារឡើងវិញក្នុងគ្រាអាសន្នជាច្រើនទៀត។ សូមបញ្ជាក់ថាយោងតាមអាជ្ញាធរបាននិយាយថា គ្រោះរញ្ជួយដីនេះបានបណ្តាលឱ្យមនុស្ស ១១៤ នាក់រងរបួសនៅទូទាំងខេត្ត Kumamoto ផ្ទះប្រហែលជា៧០០ខ្នងត្រូវបានបំផ្លាញ និងអគារជាង ១១.៣០០ ខ្នងត្រូវបានខូចខាត៕
សម្រួលអត្ថបទ៖ សុផារិន្ទ






