សិស្សឆ្នើម៤រូប របស់សាលារៀនសុវណ្ណភូមិ បានឈ្នះមេដាយ ពីរប្រកួតប្រជែង ក្នុងកម្មវិធី TeenEagle International English Competition 2026 (Global Final Round) នៅសហរដ្ឋអាមេរិក

សិស្សឆ្នើមចំនួន៤រូប តំណាងព្រះរាជាណាចក្រកម្ពុជា មកពីសាលារៀនសុវណ្ណភូមិ បានបង្ហាញពីសមត្ថភាព ដ៏លេចធ្លោរបស់ខ្លួន ដោយដណ្ដើម បានពានរង្វាន់ និងមេដាយជាច្រើន ពីរប្រកួតប្រជែង ក្នុងកម្មវិធី TeenEagle International English Competition 2026 (Global Final Round) នៅសហរដ្ឋអាមេរិក ជ័យជម្នះនេះ បាននាំមកនូវកិត្តិយស ដ៏ធំធេងសម្រាប់សាលារៀន ក៏ដូចជា ប្រទេសកម្ពុជាទាំងមូល។

ការមករបស់ សិស្សឆ្នើមទាំង៤រូប ដែលតំណាងព្រះរាជាណាចក្រកម្ពុជា មានការទទួលស្វាគមន៍ លោកគ្រូ អ្នកគ្រូ នៃសាលារៀន សុវណ្ណភូមិ នឹងអ្នកអាណាព្យាបាល សិស្សានុសិស្ស នៅអាកាសយានដ្ឋាន អន្តរជាតិតេជោ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ។ ការឈ្នះពានរង្វាន និងមេដាយ ពីរការប្រកួតប្រជែង លើឆាកអន្តរជាតិ គឺជាសមិទ្ធផលដ៏ត្រចះត្រចង់ ហើយសក្ខីភាព បញ្ជាក់ពីការខិតខំប្រឹងប្រែងរៀនសូត្រ របស់សិស្សានុសិស្ស ក៏ដូចជា គុណភាព នៃការបង្រៀន របស់លោកគ្រូ អ្នកគ្រូ នៅសាលារៀនសុវណ្ណភូមិ ។

សិស្សឆ្នើមកម្ពុជា៤រូប បានជំរុញឱ្យយុវជនដទៃទៀតខិតខំរៀនសូត្រ និងពង្រឹងសមត្ថភាព របស់ខ្លួនឱ្យខ្លាំង បន្ទាប់ពីដណ្តើម បានពានរង្វានចំនួន៥ និងមេដាយសរុប៩គ្រឿង ក្នុងការប្រកួតកម្រិតអន្តរជាតិ នៅសហរដ្ឋអាមេរិក ហើយយុវសិស្ស ទាំង៤រូប រួមមាន យុវសិស្ស ផូ បញ្ញាឫទ្ធិ មកពី ខេត្តបន្ទាយមានជ័យ យុវតី ព្រំ ច័ន្ទម៉ូលីកា ពោចិនតុងទី២ យុវតី សុខុម ចរិយាពេជ្រ ពោចិនតុងទី១ និងយុវតី សុខុម សុខគីមហេង ដែលជាបេក្ខជនតំណាងប្រទេសកម្ពុជា មកពីសាលារៀនសុវណ្ណភូមិ ពួកគេបានបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ ក្នុងវិធី TeenEagle International English Competition 2026 (Global Final Round) នៅសហរដ្ឋអាមេរិក ។ យុវសិស្សទាំង៤រូប បានបង្ហាញពីអារម្មណ៍ សប្បាយរីករាយខ្លាំងណាស់ ដែលទទួលបានជ័យជម្នះ និងមេដាយ ក្រោយការខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីអាចមានសមត្ថភាពប្រកួតលើឆាកអន្តរជា

ជ័យជម្នះនេះ មិនត្រឹមតែលើកស្ទួយ កេរ្តិ៍ឈ្មោះ សាលារៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បានបង្ហាញឱ្យពិភពលោក បានឃើញពីសក្ដានុពល និងសមត្ថភាព របស់យុវជនកម្ពុជា លើឆាកអន្តរជាតិ។ នេះជាគំរូដ៏ល្អ មួយសម្រាប់សិស្ស ដទៃទៀត ឱ្យបន្តខិតខំរៀនសូត្រ និងអភិវឌ្ឍខ្លួនដើម្បីអនាគតដ៏ភ្លឺស្វាង៕