ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរត្ន័ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលជួប លោកជំទាវបណ្ឌិត Anne Aly រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍អន្តរជាតិ, ក្រសួងធុរកិច្ចធុនតូច និងជារដ្ឋមន្រ្តីក្រសួងកិច្ចការពហុវប្បធម៌ នៃប្រទេសអូស្រ្តាលី
នារសៀលថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៦, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត Anne Aly, រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍អន្តរជាតិ, ក្រសួងធុរកិច្ចធុនតូច និងជារដ្ឋមន្រ្តីក្រសួងកិច្ចការពហុវប្បធម៌ (Minister for International Development, Minister for Small Business and Minister for Multicultural Affairs) នៃប្រទេសអូស្រ្តាលី ដោយមានការអមដំណើរចូលរួមកិច្ចប្រជុំដោយឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្រ្តាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ផងដែរ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះលោកជំទាវបណ្ឌិត Anne Aly ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលបានគាំទ្រកម្ពុជា ចាប់តាំងពីដំណើរការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ នាដើមទសវត្សរ៍ឆ្នាំ ១៩៩០ (សម័យកាលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នំា១៩៩១-១៩៩២) រហូតមក ។ ទន្ទឹមនឹងការរួមចំណែកក្នុងការកសាងសន្តិភាព, ចាប់ពីឆ្នាំ ១៩៩២ មកដល់បច្ច្ចប្បន្ននេះ, រដ្ឋាភិបាលអូស្រ្តាលី បានផ្តល់ហិរញ្ញប្បទានឥតសំណងជូនរាជរដ្ឋាភិបាលកម្ពុជា មានទំហំសរុបប្រមាណជិត ២ ប៊ីលានដុល្លារអូស្រ្តាលី (ប្រមាណ ១ ៣០០ លានដុល្លារអាម៉េរិក) សម្រាប់អភិវឌ្ឍន៍ដល់វិស័យផ្សេងៗរួមមាន៖ វិស័យអប់រំ, កសិកម្ម, កិច្ចគាំពារសង្គមហេដ្ឋារចនាសម្ព័ន្ធ, ការបោសសំអាតមីន និងវិស័យសុខាភិបាល ជាដើម ។
ជាមួយគ្នានេះ, តាមរយ:កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី, រដ្ឋាភិបាលអូស្រ្តាលី ក៏បានផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) និងជំនួយទាន់ពេលក្នុងការឆ្លើយតបនឹងវិបត្តិថាមពលសកលដែលកម្ពុជាកំពុងជួបប្រទះ, ផ្តល់នូវកញ្ចប់អន្តរាគមន៍សង្គមសម្រាប់គម្រោងលើកកម្ពស់កិច្ចគាំពារសង្គម និងសុខភាពដំណាក់កាលទី២ (ISPH II), ជំនួយបច្ចេកទេសលើការអនុវត្តយន្តការអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (IDPoor) និងការអនុវត្តមូលនិធិសមធម៌សុខាភិបាល ជាដើម ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងគាំទ្រដល់ជីវភាពប្រជាពលរដ្ឋកម្ពុជា ដែលជាអាទិភាពក្នុងយុទ្ធសាស្ត្របញ្ច-កោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា ។
លោកជំទាវបណ្ឌិត Anne Aly បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី និងចំណងមិត្តភាពដ៏រឹងមាំ កម្ពុជា-អូស្រ្តាលី ។ ឆ្នាំក្រោយនេះ គឺជាខួបលើកទី ៧៥ នៃចំណងមិត្តភាពការទូតរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី, តាមរយះចំណងមិត្តភាពនេះ ភាគីអូស្រ្តាលី នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា ដោយផ្អែកតាមផែនការយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលីដល់ឆ្នាំ ២០៤០ ដែលកិច្ចសហប្រតិបត្តិការនេះនឹងផ្តោតលើតម្រូវការជាក់ស្តែង និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែរឹងមាំ ។ អូស្រ្តាលី បន្តគាំទ្រ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយរាជរដ្ឋាភិបាលកម្ពុជា រួមចំណែកដល់ការអភិវឌ្ឍន៍ធនធានមនុស្ស, ការផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-អូស្រ្តាលី ។ លោកជំទាវ ក៏បានថ្លែងអំណរគុណផងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់ក្រុមហ៊ុនអូស្រ្តាលីដែលវិនិយោគនៅប្រទេសកម្ពុជា ទាំងលើក្របខណ្ឌគតិយុត្ត និងកិច្ចសម្រួលពាណិជ្ជកម្ម ផងដែរ ។
ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈគម្រោង និងកម្មវិធីជំនួយដែលធានាបាននូវប្រសិទ្ធភាព និងនិរន្តភាព ឆ្លើយតបនឹងអាទិភាព ក៏ដូចបន្ស៊ីគ្នារវាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងផែនការយុទ្ធសាស្រ្តសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលី ឆ្នាំ ២០៤0 ។ ក្នុងនោះ, វិស័យធំៗដូចជា៖ ពាណិជ្ជកម្ម, វិនិយោគ,ការកសាងសមត្ថភាពស្ថាប័ន និងការអភិវឌ្ឍន៍ធនធានមនុស្ស ។ ភាគីទាំងពីរ បានឯកភាព បន្តពង្រឹងការអនុវត្តគម្រោងសហប្រតិបត្តិការនានាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងផ្តល់ផលវិជ្ជមានពិតប្រាកដជាក់ស្តែង ។
ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងបានជូនពរលោកជំទាវបណ្ឌិត Anne Aly ព្រមទាំងសហការី សូមទទួលបានសុខភាពល្អ និងបំពេញទស្សនកិច្ចនៅកម្ពុជាប្រកបដោយជោគជ័យ ៕







