ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៥ឆ្នាំ ត្រៀមចេញទៅប្រកួតពានអន្ដរជាតិ Silk Road 206 នៅចិន

ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៥ឆ្នាំ នៃសមាគមកីឡាបាល់ទាត់ កងយោធពលខេមរភូមិន្ទ ត្រៀមចេញ ទៅចូលរួមការប្រកួតព្រឹត្តិការណ៍ កីឡាបាល់ទាត់យុវជនឆ្នើម «Silk Road 2026» ចាប់ពីថ្ងៃទី៧-១៤ ខែសីហា ឆ្នាំ២០២៦ ខាងមុខ នៅទីក្រុងឈានចូវ ខេត្តហ្វូជាន សាធារណរដ្ឋ​ប្រជាមានិត​ចិន។

លោក ថោង ឧត្ដម អ្នកចាត់ការទូទៅ នៃសមាគមកីឡាបាល់ទាត់ កងយោធពលខេមរភូមិន្ទ បានថ្លែងក្នុង សន្និសីទសារព័ត៌មានថា ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៥ឆ្នាំ មានបេសកកម្ម កើតឡើង តាមរយៈការអញ្ជើញ របស់សមាគមចិនឈានចូវ នៅកម្ពុជា ដើម្បីចូលរួម ប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍អន្ដរជាតិ ដែលនឹងមាន ក្រុមកម្រិតយុវជនអាយុក្រោម ៨ឆ្នាំ ដល់ក្រោម ១៥ឆ្នាំប្រមាណ ៦០ក្រុមចូលរួម។

 

លោក ចាត់ទុកនេះ គឺជាឱកាសមាសមួយ សម្រាប់កីឡាករ វ័យក្មេងខ្លួន ក្នុងការបង្ហាញសមត្ថភាព ទេពកោសល្យ ក៏ដូចជាដកស្រង់បទពិសោធន៍ និងកសាងទំនុកចិត្តជាមួយការប្រកួតលក្ខណៈអន្ដរជាតិ ។ ទោះបីមិនរំពឹងខ្ពស់លើលទ្ធផល តែលោកសង្ឃឹមថា ការចូលរួមនេះ នឹងអភិវឌ្ឍន៍សមត្ថភាពធនធានកីឡាករថ្នាលរបស់ខ្លួនកាន់តែប្រសើរ ដើម្បីអាចក្លាយជាកីឡាករជម្រើសជាតិនាថ្ងៃអនាគត ពិសេសការរឹតចំណងមិត្តភាព និងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។

 

ជាមួយគ្នាលោក Ye ChangQing ប្រធានសមាគមចិនឈានចូវនៅកម្ពុជា និងជាតំណាងដៃគូឧបត្ថម្ភ បានសម្ដែងនូវសេចក្ដីរីករាយក្នុងការគាំទ្រក្រុមយុវជន U15 កងយោធពលខេមរភូមិន្ទ ទៅចូលរួមព្រឹត្តិការណ៍ខាងលើ។ លើសពីការប្រកួតប្រជែងផ្នែកបច្ចេកទេស តែជាការផ្លាស់ប្ដូរបទពិសោធន៍ដ៏ល្អផ្នែកកីឡា និងវប្បធម៌ដ៏មានអត្ថន័យរវាងកម្ពុជា និងចិន ដែលមានទំនាក់ទំនងល្អជាយូរអង្វែងមកហើយ។ ដូច្នេះលោករំពឹងថា ការចូលរួមនេះ នឹងផ្ដល់នូវផលវិជ្ជមានជាច្រើនសម្រាប់វិស័យកីឡា និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សូមបញ្ចាក់ថា ក្រុមយុវជន U15 កងយោធពលខេមរភូមិន្ទ គ្រោងនឹងធ្វើដំណើរចាកចេញពីមាតុភូមិ នាថ្ងៃទី៧ ខែសីហាខាងមុខ ក្រោមការដឹកនាំរបស់អ្នកនាង ពៅ សុខា ជាប្រធានប្រតិភូ និងលោក ភួង សុខសាណា ជាគ្រូបង្វឹក៕