ចិនបន្តឈរជាមួយកម្ពុជា! ឯកអគ្គរដ្ឋទូត Wang Wenbin ចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋនៅព្រះវិហារ

ទឹកចិត្តមិត្តភាពមិនរលាយតាមកាលៈទេសៈ !! នៅថ្ងៃទី៣ សីហា ២០២៦ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយពីស្ថានទូតចិន ចែកជូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ខណៈពួកគេមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។
ក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្តែងការយកចិត្តទុកដាក់ និងការព្រួយបារម្ភចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងបញ្ជាក់ថា អំណោយដែលនាំមកនាពេលនេះ គឺជាការបង្ហាញពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ក្នុងគោលបំណងរួមចំណែកសម្រាលការលំបាករបស់ប្រជាពលរដ្ឋ។
ដំណើរទស្សនកិច្ចនេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនង «មិត្តភាពដែកថែប» រវាងកម្ពុជា និងចិន និងការបន្តចែករំលែកទុក្ខលំបាកជាមួយប្រជាពលរដ្ឋកម្ពុជា ក្នុងស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង។