ការបម្រើសេវាជូនប្រជាពលរដ្ឋត្រូវតែរហ័សរហួន មាននវានុវត្តន៍ និងយកប្រជាពលរដ្ឋជាស្នូល ក្នុងយុគសម័យឌីជីថល
នៅក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃការវិវត្តផ្នែកបច្ចេកវិទ្យាឌីជីថល និងការកើនឡើងនៃការរំពឹងទុករបស់ប្រជាពលរដ្ឋមកលើវិស័យមុខងារសាធារណៈ កាន់តែខ្ពស់ ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋត្រូវតែបន្តអភិវឌ្ឍឱ្យកាន់តែមានភាពរហ័សរហួន ប្រកបដោយនវានុវត្តន៍ និងផ្តោតលើប្រជាពលរដ្ឋជាស្នូលជាងពេលណាៗទាំងអស់។
ថ្លែងនៅក្នុងការបើកកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ (23rd ACCSM) នាព្រឹកនេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈបានលើកឡើងថា នៅក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃការវិវត្តផ្នែកបច្ចេកវិទ្យាឌីជីថល និងការកើនឡើងនៃការរំពឹងទុករបស់ប្រជាពលរដ្ឋមកលើវិស័យមុខងារសាធារណៈ កាន់តែខ្ពស់ ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋត្រូវតែបន្តអភិវឌ្ឍឱ្យកាន់តែមានភាពរហ័សរហួន ប្រកបដោយនវានុវត្តន៍ និងផ្តោតលើប្រជាពលរដ្ឋជាស្នូលជាងពេលណាៗទាំងអស់។
ឯកឧត្តមបានបន្តថា បញ្ហាប្រឈមទាំងនេះ ក៏ជាឱកាសដ៏សំខាន់សម្រាប់យើងក្នុងការធ្វើទំនើបកម្មអភិបាលកិច្ច ពង្រឹងឧត្តមភាពស្ថាប័ន និងវិនិយោគលើធនធានដ៏មានតម្លៃបំផុតរបស់យើង គឺធនធានមនុស្ស។ ក្នុងបរិបទនេះ ACCSM នៅតែបន្តដើរតួនាទីជាវេទិកាមួយដ៏សំខាន់ដែលអនុញ្ញាតឱ្យសមាជិកអាស៊ានបានផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកឧត្តមវានុវត្តន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងគោលដៅលើកកម្ពស់អភិបាលកិច្ចល្អនៅទូទាំងប្រទេសនៅក្នុងតំបន់អាស៊ានរបស់យើង។តាមរយៈកិច្ចសហការរួម យើងអាចកសាងមុខងារសាធារណៈដែលមានភាពធន់ មានប្រសិទ្ធភាព និងបពោរពេញទៅដោយសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការនាពេលអនាគត។
ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ គឺជាឱកាសដែលអនុញ្ញាតឱ្យភាគីទាំងអស់បានរួមគ្នា ពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងកំណត់ទិសដៅសម្រាប់កិច្ចសហការនាពេលអនាគត ដើម្បីគាំទ្រដល់ការអភិវឌ្ឍជាបន្តបន្ទាប់នៃមុខងារសាធារណៈ ជាពិសេសរួមចំណែកយ៉ាងមានអត្ថន័យដល់ការកសាងសហគមន៍អាស៊ាន។







