កម្ពុជារៀបចំ ទិវាវាយតម្លៃទទួលស្គាល់ ពិភពលោកឆ្នាំ២០២៦ ផ្តោតលើការជំរុញនវានុវត្តន៍ ទំនុកចិត្ត និងនិរន្តរភាព

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំទិវាវាយតម្លៃទទួលស្គាល់ពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ នវានុវត្តន៍ ទំនុកចិត្ត និងនិរន្តរភាព៖ អានុភាពនៃការវាយតម្លៃទទួលស្គាល់ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីតួនាទីនៃការវាយតម្លៃទទួលស្គាល់ (Accreditation) និងការវាយតម្លៃភាពអនុលោម (Conformity Assessment) ក្នុងការជំរុញនវានុវត្តន៍ ពង្រឹងទំនុកចិត្តទីផ្សារ និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព។

ទិវាវាយតម្លៃទទួលស្គាល់ពិភពលោក ឆ្នាំ២០២៦ ត្រូវបានផ្តួចផ្តើមដោយGlobal ACI ជាស្ថាប័នសកលថ្មីមួយ ដែលកើតចេញពីការរួមបញ្ចូលគ្នារវាងវេទិកាវាយតម្លៃទទួលស្គាល់អន្តរជាតិ (IAF) និងស្ថាប័នកិច្ចសហប្រតិបត្តិការវាយតម្លៃទទួលស្គាល់មន្ទីរពិសោធន៍អន្តរជាតិ (ILAC) ដើម្បីជំរុញការយល់ដឹងអំពីសារសំខាន់នៃការវាយតម្លៃទទួលស្គាល់ និងការវាយតម្លៃភាពអនុលោម ក្នុងការធានាគុណភាព សុវត្ថិភាព និងភាពប្រកួតប្រជែងនៃទំនិញ និងសេវាកម្មនៅក្នុងទីផ្សារជាតិ និងអន្តរជាតិ។

ការវាយតម្លៃទទួលស្គាល់គឺជាមូលដ្ឋានគ្រឹះនៃការទទួលស្គាល់លទ្ធផលធ្វើតេស្ត ការធ្វើអធិការកិច្ច ការចេញវិញ្ញាបនបត្រ ការផ្ទៀងផ្ទាត់ និងការបញ្ជាក់សុពលភាព ដែលជួយកាត់បន្ថយរបាំងបច្ចេកទេសក្នុងពាណិជ្ជកម្ម និងគាំទ្រការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់ទៅវិញទៅមក (MRAs) ដោយអនុវត្តគោលការណ៍ ធ្វើតេស្តម្តង ទទួលស្គាល់គ្រប់ទីកន្លែង

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់នៃកម្ពុជា បានលើកឡើងថា៖នៅក្នុងបរិបទនៃសេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្មជំនាន់ថ្មី ការងារវាយតម្លៃទទួលស្គាល់ជាឧបករណ៍យុទ្ធសាស្ត្រដ៏មានអានុភាព ក្នុងការជួយគាំទ្រការងារគ្រប់គ្រង និងការងារបច្ចេកទេសក្នុងផ្នែកសំខាន់ៗ ដូចជាការជំរុញ និងគាំទ្រនវានុវត្តន៍ ការកសាងទំនុកចិត្តលើទីផ្សារ ការធានានិរន្តរភាព និងការអភិវឌ្ឍបៃតង។”

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ទំនុកចិត្តក្នុងទីផ្សារត្រូវបានកសាងលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI) ដែលប្រកាន់ខ្ជាប់នូវអភិក្រម ៣C រួមមាន សមត្ថភាព (Competency) អនុលោមភាព (Compliance) និង ទំនុកចិត្ត (Confidence) ដើម្បីធានាថា ផលិតផល និងសេវាកម្មមានគុណភាព សុវត្ថិភាព និងអាចប្រកួតប្រជែងបាននៅលើទីផ្សារអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា ក្រសួងកំពុងដឹកនាំការពង្រឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ តាមរយៈការដាក់ឱ្យប្រើប្រាស់ផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តស្តង់ដា បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃភាពអនុលោម (STRACAP) ព្រមទាំងការរៀបចំគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ដើម្បីពង្រឹងសមត្ថភាពរបស់មន្ទីរពិសោធន៍ ស្ថាប័នស្តង់ដារូបនីយកម្ម ស្ថាប័នមាត្រាសាស្ត្រ និងអង្គភាពវាយតម្លៃភាពអនុលោម ឱ្យទទួលបានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ និងគាំទ្រដល់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគរបស់កម្ពុជា។

ទិវាវាយតម្លៃទទួលស្គាល់ពិភពលោក ឆ្នាំ២០២៦ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នដែលជាសមា ជិកក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់នៃកម្ពុជា ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អង្គភាពវាយតម្លៃភាពអនុលោម មន្ទីរពិសោធន៍ វិស័យឯកជន សហគ្រាសធុនតូច និងមធ្យម និងភាគីពាក់ព័ន្ធ ៕