ឯកឧត្តម នេត្រ ភក្ត្រា៖ AI ជាជំនួយ មិនមែនជាអ្នកទទួលខុសត្រូវលើព័ត៌មានទេ; អ្នកសារព័ត៌មានត្រូវផ្ទៀងផ្ទាត់ព័ត៌មាន និងប្រើ AI ប្រកបដោយការទទួលខុសត្រូវ
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដល់អ្នកសារព័ត៌មានឱ្យប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ និងមិនត្រូវពឹងផ្អែកលើ AI ក្នុងការសរសេរអត្ថបទព័ត៌មានដោយគ្មានការផ្ទៀងផ្ទាត់ប្រភព និងខ្លឹមសារឡើយ ព្រោះទំនួលខុសត្រូវចំពោះភាពត្រឹមត្រូវ និងសុក្រឹត្យភាពនៃព័ត៌មានដែលបានផ្សព្វផ្សាយ គឺស្ថិតលើអ្នកសារព័ត៌មាន មិនមែនលើ AI នោះទេ។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន» លើកទី៩ ដែលផ្តោតលើការប្រើប្រាស់ AI ក្នុងវិស័យសារព័ត៌មាន នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នាសាលបណ្ដុះបណ្ដាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្ដីការក្រសួងព័ត៌មាន ដោយមានអ្នកសារព័ត៌មានចូលរួមប្រមាណ ១៨០នាក់ មកពី៥០អង្គភាពសារព័ត៌មាន។
ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា AI គឺជាឧបករណ៍ដែលអាចជួយបង្កើនល្បឿន និងប្រសិទ្ធភាពការងារសារព័ត៌មាន ប៉ុន្តែមិនអាចជំនួសការគិត ការវិភាគ ការផ្ទៀងផ្ទាត់ប្រភពព័ត៌មាន ការវិនិច្ឆ័យ និងក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មានបានឡើយ។ ដូច្នេះ អ្នកសារព័ត៌មានត្រូវចោទសំណួរ និងផ្ទៀងផ្ទាត់ជានិច្ចចំពោះព័ត៌មាន ឬអត្ថបទដែលបង្កើតដោយ AI មុននឹងផ្សព្វផ្សាយ ដើម្បីធានាថាព័ត៌មានមានភាពត្រឹមត្រូវ និងអាចទទួលខុសត្រូវបាន។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យអ្នកសារព័ត៌មានបន្តពង្រឹងសមត្ថភាពសរសេរ និងផលិតព័ត៌មានប្រកបដោយគុណភាព ស្របតាមក្រមសីលធម៌ និងគោលការណ៍គ្រឹះនៃវិជ្ជាជីវៈ ដើម្បីរក្សាទំនុកចិត្តរបស់សាធារណជន និងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត។
ឯកឧត្តមបានបញ្ជាក់ដែរថា ការវិនិយោគលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសារព័ត៌មាន គឺជាការវិនិយោគលើគុណភាពព័ត៌មាន និងទំនុកចិត្តរបស់សាធារណជន ព្រោះអ្នកសារព័ត៌មានគឺជាកម្លាំងស្នូលក្នុងការតភ្ជាប់ព័ត៌មានរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។ ក្រសួងព័ត៌មាននឹងបន្តគាំទ្រ និងលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានអភិវឌ្ឍសមត្ថភាព និងធ្វើទំនើបកម្មខ្លួនឱ្យស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យា និងសង្គម។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយទំនើប បានផ្លាស់ប្តូរយ៉ាងខ្លាំងនូវការផលិត ការផ្សព្វផ្សាយ និងការទទួលព័ត៌មាន។ ទន្ទឹមនឹងការផ្តល់ឱកាសឱ្យព័ត៌មានឈានដល់ប្រជាពលរដ្ឋបានលឿនជាងមុន បច្ចេកវិទ្យាក៏បានបង្កើនហានិភ័យនៃការរីករាលដាលព័ត៌មានក្លែងក្លាយ និងព័ត៌មានបំពុល ដែលអាចប៉ះពាល់ដល់គុណភាពវិជ្ជាជីវៈសារព័ត៌មាន ទំនុកចិត្តរបស់សាធារណជន និងស្ថិរភាពសង្គម។
ក្នុងន័យនេះ ឯកឧត្តមបានអំពាវនាវឱ្យអ្នកសារព័ត៌មានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងបន្តគាំទ្រយុទ្ធនាការ «និយាយថា ទេ ចំពោះព័ត៌មានក្លែងក្លាយ» ដើម្បីលើកកម្ពស់អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសក្នុងចំណោមយុវជន និងរួមចំណែកកសាងបរិយាកាសព័ត៌មានប្រកបដោយសុវត្ថិភាព និងភាពជឿទុកចិត្ត។
ជាថ្មីម្តងទៀត ឯកឧត្តម នេត្រ ភក្ត្រា បានក្រើនរំលឹកថា បងប្អូនអ្នកសារព័ត៌មានមិនគួរជឿទុកចិត្តលើ AI ដោយគ្មានការត្រួតពិនិត្យនោះឡើយ ព្រោះ AI ត្រូវបានបង្កើតឡើងដោយមនុស្ស ហើយព័ត៌មានដែលវាផ្តល់អាចមានកំហុស ឬមិនទាន់ធ្វើបច្ចុប្បន្នភាពគ្រប់ជ្រុងជ្រោយ។ ដូច្នេះ រាល់ព័ត៌មាន ឬទិន្នន័យដែលទទួលបានពី AI ត្រូវតែឆ្លងកាត់ការផ្ទៀងផ្ទាត់ពីប្រភពដែលអាចជឿទុកចិត្តបាន មុននឹងយកទៅផលិត និងផ្សព្វផ្សាយជាព័ត៌មាន៕







