ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកសិក្ខាសាលា «ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍» ក្រោមប្រធានបទ គុណវុឌ្ឍិវិជ្ជាជីវៈ និងសេវាសាធារណៈ
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យព័ត៌មាន និងសោតទស្សន៍» ក្រោមប្រធានបទ «គុណវុឌ្ឍិវិជ្ជាជីវៈ និងសេវាសាធារណៈ» ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។
ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានជម្រាបជូនថា អង្គសិក្ខាសាលានាថ្ងៃនេះ ធ្វើឡើងផ្អែកលើរបាយការណ៍បូកសរុបការងារកន្លងមក ដោយសង្កេតឃើញថា វិស័យព័ត៌មាន និងសោតទស្សន៍ មានការវិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសក្នុងបរិបទឌីជីថល ដែលទាមទារឱ្យមានការគ្រប់គ្រង សម្របសម្រួល និងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ហេតុនេះ ទិសដៅការងារឆ្នាំ២០២៦ គឺផ្តោតសំខាន់លើ “ការពង្រឹងអភិបាលកិច្ច ការធ្វើទំនើបកម្មស្ថាប័ន និងការពង្រឹងការអនុវត្តច្បាប់” ដើម្បីធានាថារាល់សកម្មភាពក្នុងវិស័យព័ត៌មាន ដំណើរការទៅដោយតម្លាភាព គណនេយ្យភាព និងវិជ្ជាជីវៈ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយ ពន្យល់ បង្កើនការយល់ដឹងអំពីលិខិតបទដ្ឋានគតិយុត្តនានា ពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សណ្តាប់ធ្នាប់ គុណភាព ព្រមទាំងវិជ្ជាជីវៈសារព័ត៌មាន ដែលជាមូលដ្ឋានសម្រាប់ ការគ្រប់គ្រង និងការអនុវត្តការងារក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ ឯកឧត្តមបានបញ្ជាក់ថា សិក្ខាសាលាថ្ងៃនេះ មិនត្រឹមតែមានគោលបំណងផ្សព្វផ្សាយខ្លឹមសារនៃលិខិតបទដ្ឋានគតិយុត្តប៉ុណ្ណោះទេ ថែមទាំងផ្តល់ជាវេទិកាសម្រាប់ការផ្លាស់ប្តូរយោបល់ ការពិភាក្សា និងការបកស្រាយបញ្ហាប្រឈមក្នុងការអនុវត្តច្បាប់ ដើម្បីឱ្យស្ថាប័នពាក់ព័ន្ធ ម្ចាស់ អាជីវកម្ម អ្នកសារព័ត៌មាន និង អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ អាចអនុវត្តបានស្របតាមគោលការណ៍ច្បាប់ និងវិជ្ជាជីវៈ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងព័ត៌មានបាននឹងកំពុងខិតខំកសាងកែទម្រង់ និងពង្រឹងប្រព័ន្ធលិខិតបទដ្ឋានគតិយុត្តយ៉ាងសកម្ម និងម៉ត់ចត់ ស្របតាមការវិវត្ត នៃសង្គមជាតិ និងសកលលោក ដើម្បីជាប្រយោជន៍រួម ដោយឈរលើគោលការណ៍ពង្រឹងនីតិរដ្ឋ រួមទាំងរបៀបរៀបរយក្នុងសង្គម ក្នុងនោះក្រសួងក៏បានសម្របសម្រួលការពង្រឹងច្បាប់ដែលមានស្រាប់ និងរៀបចំឡើងវិញ ឬធ្វើបច្ចុប្បន្នភាពច្បាប់ដែលមានអាយុកាលលើសពី១០ឆ្នាំ ដើម្បីឆ្លើយតបនឹងភាពជាក់ស្តែងនៃសង្គម។
ឯកឧត្តមបានបញ្ជាក់ដែរថា ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា មិនចាត់ទុកវិស័យព័ត៌មាន និងសោតទស្សន៍ គ្រាន់តែជាវិស័យអាជីវកម្ម ឬជាវេទិកាសម្រាប់ការបញ្ចេញមតិប៉ុណ្ណោះទេ ប៉ុន្តែជាសសរស្តម្ភដ៏សំខាន់នៃការកសាងប្រជាធិបតេយ្យ ការលើកកម្ពស់អភិបាលកិច្ចល្អ ការពង្រឹងសន្តិសុខព័ត៌មាន និងការកសាងទំនុកចិត្តរវាងរដ្ឋ និងប្រជាពលរដ្ឋ។ ដូច្នេះ ការគ្រប់គ្រងវិស័យព័ត៌មាន ត្រូវឈរលើគោលការណ៍សមតុល្យរវាង “សេរីភាព” និង “ការទទួលខុសត្រូវ” រវាង “សិទ្ធិ” និង “កាតព្វកិច្ច” ព្រមទាំងរវាង “នវានុវត្តន៍” និង “នីតិរដ្ឋ” ដើម្បីធានាថា ការអភិវឌ្ឍវិស័យនេះ ប្រព្រឹត្តទៅប្រកបដោយចីរភាព និងផលប្រយោជន៍សាធារណៈ»។
គូរបញ្ជាក់ថា អង្គសិក្ខាសាលានេះធ្វើឡើងពេញ១ថ្ងៃ ដែលសិក្ខាកាមទាំងអស់ប្រមាណ ២៤០រូប មកពីមន្ទីរព័ត៌មានរាជធានី ខេត្ត ចំនួន ៥៨រូប សមាគមអ្នកសារព័ត៌មានចំនួន ៣១រូប អង្គភាពសារព័ត៌មាន ចំនួន ១៦រូប ស្ថានីយវិទ្យុ ចំនួន៨រូប មន្ត្រីអគ្គលេខាធិការ និងអគ្គនាយកដ្ឋានចំនួន ៩២រូប និងថ្នាក់ដឹកនាំក្រសួងចំនួន ៣០រូប ។ សិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះដឹង បទពិសោធន៍ និងមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីយកទៅអនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់៕







