ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប អញ្ជើញជាអធិបតីកម្មវិធីបញ្ជ្រាបការយល់ដឹង ស្ដីពីការប្រើប្រាស់ FMIS ជូនថ្នាក់ដឹកនាំ និង មន្រ្តីជំនាញ នៃគ្រឹះស្ថានសាធារណៈរដ្ឋបាល និង អង្គភាពពាក់ព័ន្ធ

គ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៣១ បន្ថែមទៀតបានទទួលឱកាសថ្មី ក្នុងការធ្វើបរិវត្តកម្មការងារពីបែបផលិតកម្ម ទៅការអនុវត្តការងារដើម្បីផលិតភាព តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើប គឺ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដែលនឹងអនុវត្តនីតិវិធីថវិកាចំណាយចរន្តទាំងស្រុងតាមប្រព័ន្ធនេះ ។ នេះជាការបញ្ជាក់ជូនដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅក្នុងកម្មវិធី “បញ្ជ្រាបការយល់ដឹង ស្ដីពីការប្រើប្រាស់ FMIS ជូនថ្នាក់ដឹកនាំ និង មន្រ្តីជំនាញនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល និង អង្គភាពពាក់ព័ន្ធ” ។

ជាការពិត, ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឌីជីថល គឺជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការពន្លឿនការកែទម្រង់គ្រប់វិស័យ និង ការធានាកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព ដែលស្របនឹងលទ្ធផលវាយតម្លៃដោយដៃគូអភិវឌ្ឍន៍នានាថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនឹងផ្ដល់តម្លៃបន្ថែម ដល់ផលិតភាពការងាររបស់គ្រប់ក្រសួង-ស្ថាប័ន អង្គភាពរដ្ឋបាលសាធារណៈ រួមទាំងវិស័យឯកជន ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា តាមរយៈការអនុវត្តនីតិវិធីចំណាយចរន្តតាម FMIS ទាំងស្រុងកន្លងមក នៅគ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៩ បានផ្ដល់លទ្ធផលគួរជាទីមោទនៈ ជាពិសេស បានកាត់បន្ថយនូវការប្រើប្រាស់ក្រដាសស្នាមលើប្រតិបត្តិការហិរញ្ញវត្ថុ និង បានកាត់បន្ថយជំហាននៃប្រតិបត្តិការប្រើប្រាស់ក្រដាសស្នាមពីចំនួន ៨ ជំហាន មកត្រឹម ៥ ជំហាន និង កាត់បន្ថយរយៈពេលនៃការទូទាត់មកត្រឹម ៣ ថ្ងៃគិតជាមធ្យម ដោយប្រើប្រាស់ FMIS ។ ព័ត៌មាន និង របាយការណ៍ អាចផលិតបានភ្លាមៗ សម្រាប់ការធ្វើសេចក្ដីសម្រេចនានារបស់ថ្នាក់ដឹកនាំ, ទាំងគ្រឹះស្ថានសាធារណៈរដ្ឋបាលផ្ទាល់ ទាំងក្រសួង-ស្ថាប័នអាណាព្យាបាលបច្ចេកទេស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាពិសេស សម្រាប់ថ្នាក់ដឹកនាំកំពូល នៃរាជរដ្ឋាភិបាល ។លទ្ធផលទាំងនេះ ក៏បានគាំទ្រដោយចំណាប់អារម្មណ៍ របស់តំណា

ងគ្រឹះស្ថានសាធារណៈរដ្ឋបាល ចំនួន ២ គឺ សកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និង រាជបណ្ឌិតសភាកម្ពុជា ដែលបានបង្ហាញអំពីអត្ថប្រយោជន៍ជាក់ស្ដែង ដែលទទួលបានពីការប្រើប្រាស់ FMIS បន្ទាប់ពីបានអនុវត្តរួចចាប់តាំងពីដើមឆ្នាំ ២០២៥ កន្លងមក ។ សមិទ្ធផលទាំងនេះ ជាសក្ខីយភាពមួយនៃការបោះជំហានទៅមុខជាលំដាប់ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏ជាចំណែកមួយដ៏សំខាន់ក្នុងការធានាការបង្កើនគុណភាព និង ប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលទាំងនេះ លើសេវាអប់រំ សុខាភិបាល សង្គមកិច្ច ទេសចរណ៍ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង វប្បធម៌ ជាដើម ដែលនឹងក្លាយជាបច្ច័យដ៏សំខាន់បំផុត សម្រាប់នាំឱ្យសេដ្ឋកិច្ច និង សង្គមកម្ពុជា កាន់តែមានការរីកចម្រើន ក្នុងគោលដៅឆ្ពោះទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។

កម្មវិធីបញ្ជ្រាបការយល់ដឹងលើការប្រើប្រាស់ FMIS ជូនថ្នាក់ដឹកនាំ និង មន្រ្តីជំនាញ នៃគ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៣១ រួមទាំងក្រសួងជាអាណាព្យាបាល និង អង្គភាពពាក់ព័ន្ធ ដែលធ្វើឡើងនៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៦ នេះ មានគោលបំណងរៀបចំការងារសម្រាប់ការអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាម FMIS ទាំងស្រុង ដែលនឹងដាក់ឱ្យអនុវត្តជាផ្លូវការនៅដើមឆ្នាំ ២០២៧ ។ កម្មវិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល និង មន្រ្តីជំនាញជាង ១៧០ រូប ដើម្បីបញ្ជ្រាបការយល់ដឹងស្តីពី អត្ថប្រយោជន៍ និង ការត្រៀមរៀបចំដាក់ឱ្យអនុវត្ត FMIS ជូនគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលនៅសេសសល់ បន្ទាប់ពីបានដាក់ឱ្យដំណើរការសាកល្បង នៅគ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៩ នៅដើមឆ្នាំ ២០២៦ កន្លងមកនេះ ។
ក្នុងការសម្រេចឱ្យបាននូវការងារខាងលើនេះ សម្រាប់គ្រឹះស្ថានសាធារណៈរដ្ឋបាលដែលនៅសេសសល់ចំនួន ៣១, ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍ណែនាំ ដល់ថ្នាក់ដឹកនាំ និង បុគ្គលិក មន្ត្រីរាជការ នៃគ្រឹះស្ថាន និង អង្គភាពពាក់ព័ន្ធទាំងអស់ បន្តពង្រឹងភាពជាម្ចាស់ និង អភិវឌ្ឍសមត្ថភាព ជូនបុគ្គលិកមន្រ្តីរាជការទទួលបន្ទុក តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល ផ្ដល់កិច្ចសហការ ប្រកបដោយស្មារតីបុរេសកម្ម ក្នុងការកែលម្អនីតិវិធីអនុវត្តការងារតាម FMIS, អនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង រួមគ្នាអនុវត្តការងារ ដោយតម្កល់ស្មារតី «ឧត្តមនិយម» នៃផលប្រយោជន៍ជាតិ ៕