អភិបាលខេត្តមណ្ឌលគិរី ដឹកនាំទទួលស្វាគមន៍ក្រុមការងារ CYBERLOCOS និង MBUZISELLER ក្នុងបេសកកម្មផ្សព្វផ្សាយទេសចរណ៍ខ្មែរទៅកាន់ពិភពលោក

ខេត្តមណ្ឌលគិរី៖ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់ក្រុមការងារ CYBERLOCOS និង MBUZISELLER ដែលបានធ្វើដំណើរមកដល់ទឹកដីខេត្តមណ្ឌលគិរី ដើម្បីបំពេញបេសកកម្មផលិតមាតិកា និងផ្សព្វផ្សាយពីសក្តានុពលសម្រស់តំបន់ទេសចរណ៍កម្ពុជាទៅកាន់ភ្ញៀវទេសចរអន្តរជាតិជុំវិញពិភពលោក។

ព្រឹត្តិការណ៍នេះ មានការសម្របសម្រួល និងចូលរួមយ៉ាងសកម្មពី ក្លឹបរថយន្តគោព្រៃមណ្ឌលគិរី ព្រមទាំងមន្ត្រីជំនាញ ស្ថិតនៅរង្វល់មូលគោព្រៃ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។

ឯកឧត្តម គង់ គឹមនី អភិបាលខេត្ត បានសម្តែងនូវមោទនភាព និងការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមការងារ CYBERLOCOS និង MBUZISELLER ដែលបានជ្រើសរើសយកខេត្តមណ្ឌលគិរី ជាគោលដៅយុទ្ធសាស្ត្រក្នុងការបោះជំហានផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។

ឯកឧត្តម បានគូសបញ្ជាក់ថា ខេត្តមណ្ឌលគិរី គឺជាដែនដីជម្រកទេសចរណ៍ធម្មជាតិដ៏មានតម្លៃ និងជាតំបន់ទេសចរណ៍បៃតងនៃភាគឥសានកម្ពុជា ដែលមានខ្យល់អាកាសបរិសុទ្ធ ព្រៃឈើក្រាស់ ទឹកធ្លាក់ធម្មជាតិដ៏ស្រស់ស្អាត និងវប្បធម៌ប្រពៃណីដ៏សម្បូរបែបរបស់បងប្អូនជនជាតិដើមភាគតិច។ សកម្មភាពផ្សព្វផ្សាយនាពេលនេះ នឹងក្លាយជាស្ពានចម្លងរូបភាពពិតៗ និងភាពទាក់ទាញនៃសម្រស់ធម្មជាតិខេត្តមណ្ឌលគិរី ឱ្យកាន់តែស្គាល់ច្បាស់ និងសុះសាយនៅលើឆាកអន្តរជាតិ។

ឯកឧត្តម អភិបាលខេត្ត ក៏បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការខិតខំប្រឹងប្រែងរួមគ្នារវាងអាជ្ញាធរដែនដី និងក្រុមការងារផ្សព្វផ្សាយបច្ចេកវិទ្យាឌីជីថល នឹងជួយទាក់ទាញលំហូរភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា ក៏ដូចជាខេត្តមណ្ឌលគិរីកាន់តែច្រើនឡើង ដែលជាចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចមូលដ្ឋាន និងសេដ្ឋកិច្ចជាតិទាំងមូល៕