សង្គ្រាមអាម៉េរិក-អ៊ីរ៉ង់បានធ្វើឱ្យកំពង់ផែទឹកជ្រៅដ៏មមាញឺករបស់ប្រទេសអ៊ីរ៉ាក់ត្រូវជាប់គាំង ខណៈដែលការបិទច្រកសមុទ្រ Hormuz បានរំខានដល់សេវាដឹកជញ្ជូនអន្តរជាតិ
ប្រតិបត្តិការនៅកំពង់ផែទឹកជ្រៅ Umm Qasr ដ៏សំខាន់របស់ប្រទេសអ៊ីរ៉ាក់បានជាប់គាំងហើយ បន្ទាប់ពីមានការរំខានដល់ច្រកទ្វារពាណិជ្ជកម្មសំខាន់មួយក្នុងប្រទេសនេះ។ នេះក៏ដោយសារតែផលប៉ះពាល់នៃសង្គ្រាមអាមេរិក-អ៊ីរ៉ង់ និងការបិទច្រកសមុទ្រ Hormuz ព្រមទាំងការវាយប្រហាររបស់អ៊ីរ៉ង់លើប្រទេសជិតខាងក្នុងតំបន់មជ្ឈឹមបូព៌ាដូចគ្នាដែរ។ សារព័ត៌មាន AP បានបញ្ចេញនូវរូបភាពវីដេអូដោយយន្តហោះគ្មានមនុស្សបើក ឬ Drone ពីកំពង់ផែ Umm Qasr នៅភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ ដោយបង្ហាញពីកន្លែងសំចតនាវា គឺទទេស្អាត និងតំបន់ដឹកទំនិញដែលធ្លាប់ពោរពេញដោយកុងតឺន័រដឹកជញ្ជូនយ៉ាងមមាញឺក ក៏ស្បើយមិនឃើញមានសកម្មភាពអ្វីឡើយ។ ការបិទច្រកសមុទ្រ Hormuz បានរារាំងដល់នាវាពាណិជ្ជកម្មពីការទៅដល់កំពង់ផែនេះ ដែលជាការនាំចូលភាគច្រើនរបស់អ៊ីរ៉ាក់គឺត្រូវឆ្លងកាត់វា។ ចរាចរណ៍ដឹកជញ្ជូនភាគច្រើនធ្លាប់ឆ្លងកាត់ច្រកសមុទ្រ Hormuz ដ៏សំខាន់ និងជាផ្លូវទឹកសម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័នសកល ដែលធ្លាប់ផ្គត់ផ្គង់ប្រេងឆៅប្រហែល១ភាគ៥របស់ពិភពលោក ត្រូវបានផ្អាកចាប់តាំងពីដើមខែមីនាមក បន្ទាប់ពីសង្គ្រាមបានរវាង៣ភាគីចាប់ផ្តើម។ ក្តីបារម្ភនៅតែបន្តកើតមានអំពីសេវាដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រនេះ ហើយក៏ឆ្លងកាត់ផ្លូវទឹកដ៏សំខាន់មួយទៀតនៅក្នុងតំបន់ គឺច្រកសមុទ្រ Bab el-Mandeb ទៅកាន់សមុទ្រក្រហម។ ក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយរដ្ឋអ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែនវិញ បានគំរាមកំហែងបិទផ្លូវដឹកជញ្ជូនរបស់អារ៉ាប៊ីសាអូឌីតនៅទីនោះកាលពីសប្តាហ៍មុនថែមទៀត ហើយបានបាញ់ទៅលើកប៉ាល់ដឹកប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីតយ៉ាងហោចណាស់១គ្រឿង និងដុតបំផ្លាញវាតែម្តង៕
សម្រួលអត្ថបទ៖ សុផារិន្ទ






