អ្នកពន្លត់អគ្គីភ័យ២នាក់ស្លាប់ក្រោយពីចូលរួមក្នុងប្រតិបត្តិការពន្លត់ភ្លើងឆាបឆេះព្រៃនៅភាគខាងត្បូងប្រទេសក្រិក ស្របពេលដែលទ្វីបអឺរ៉ុប កំពុងជួបវិបត្តិឆេះរាលដាលព្រៃដូចគ្នា  

នាយកដ្ឋានពន្លត់អគ្គីភ័យបាននិយាយថា អ្នកពន្លត់អគ្គីភ័យ២នាក់បានស្លាប់នៅក្នុងភ្លើងឆេះព្រៃដែលបានផ្ទុះឡើងនៅថ្ងៃពុធនេះ នៅលើកោះ Crete (ក្រេតេ) ភាគខាងត្បូងប្រទេសក្រិក ខណៈប្រទេសនៅទ្វីបអឺរ៉ុបកំពុងជួបវិបត្តិភ្លើងឆេះព្រៃជាបន្តបន្ទាប់មានបារាំង អេស្ប៉ាញ ជាដើម។ បុគ្គលិកទាំងពីរនាក់ស្ថិតក្នុងចំណោមអ្នកពន្លត់អគ្គីភ័យជាង ១៥០នាក់ដែលកំពុងប្រយុទ្ធជាមួយនឹងភ្លើងឆេះព្រៃនៅក្នុងតំបន់ Rethymno (រ៉េធីមណូ) ក្នុងប្រទេសក្រិកដែលបានផ្ទុះឡើងកាលពីរសៀលថ្ងៃពុធនេះ។ នាយកដ្ឋានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយថា “ពួកគេបានចុះចាញ់ ចំពោះភាពអង់អាចក្លាហានរបស់ខ្លួនក្នុងការបំពេញកាតព្វកិច្ចនេះ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងដើម្បីបរិស្ថានធម្មជាតិ”។ ក្រោយពីអណ្តាតភ្លើងបានបក់បោកខ្លាំងនៅក្នុងតំបន់នោះ និងបានកំពុងរារាំងកិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គីភ័យរបស់ពួកគេដែរ។ នាយកដ្ឋានពន្លត់អគ្គីភ័យបាននិយាយទៀតថា ឧទ្ធម្ភាគចក្រចំនួន៤គ្រឿង និងយន្តហោះទម្លាក់ទឹកពន្លត់ចំនួន៤គ្រឿងក៏ត្រូវបានដាក់ពង្រាយផងដែរ បើទោះបីជាមានបទបញ្ជាជម្លៀសមនុស្សចេញសម្រាប់តំបន់ជាច្រើននៅក្បែរខាងតំបន់ភ្លើងឆេះព្រៃក៏។ មូលហេតុនៃករណីស្លាប់បុគ្គលិកទាំងពីរនាក់មិនទាន់ដឹងច្បាស់ភ្លាមៗនោះទេ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា របាយការណ៍ដំបូងបានបង្ហាញថា អ្នកទាំងពីរបានជាប់នៅក្នុងយានយន្តរបស់ពួកគេ បន្ទាប់ពីបាត់បង់ទិសដៅត្រលប់មកវិញដោយសារផ្សែងភ្លើងក្រាស់។ ឆ្មាំសមុទ្រក្រិកបាននិយាយថា ទូកល្បាតឆ្មាំសមុទ្រ២គ្រឿង និងនាវាឯកជនមួយចំនួនកំពុងត្រៀមលក្ខណៈ ប្រសិនបើការជម្លៀសតាមផ្លូវសមុទ្រក្លាយជាភាពចាំបាច់នៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅ Rethymno។ អ្នកពន្លត់អគ្គីភ័យទី៣ក៏បានស្លាប់ដែរកាលពីថ្ងៃពុធនេះ បន្ទាប់ពីរូបគេបានដោះ ស្រាយបញ្ហាភ្លើងឆេះព្រៃដាច់ដោយឡែកមួយទៀតនៅក្នុងតំបន់ Peloponnese ភាគខាងត្បូងប្រទេសក្រិក៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ