ឯកឧត្តម ម៉ាង ស៊ីណេត ជំរុញឲ្យក្រុមហ៊ុនវិនិយោគរោងចក្រថ្មី យកចិត្តទុកដាក់លើបរិស្ថាន សុវត្ថិភាព និងអត្ថប្រយោជន៍កម្មករនិយោជិត

ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើពាក្យស្នើសុំបង្កើតរោងចក្រថ្មីចំនួន ២ គម្រោង ស្ថិតក្នុងភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ។ ការសម្រេចនេះ ធ្វើឡើងក្នុងគោលបំណងជំរុញការវិនិយោគ បង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងលើកកម្ពស់សេដ្ឋកិច្ចក្នុងខេត្តឲ្យកាន់តែមានភាពរីកចម្រើន។

គម្រោងវិនិយោគទាំង ២ មានដូចជា ៖
គម្រោងទី១រោងចក្រផលិតក្តារបន្ទះ ក្រុមហ៊ុនវិនិយោគ ហ័រសេង ហ្សុងធាន (ខេមបូឌា) អ៊ិនដាស ស្ទៀល ឯ.ក (Horseng Zhongtian (Cambodia) Industrial Co., Ltd.) ទីតាំងនៅ ក្បាលដីលេខ ១៧០០ និង ១៧០១ ផ្លូវបេតុង ភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។លទ្ធផលដែលបានទទួលការអនុម័តជាផ្លូវការ និងទទួលបានវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (QIP) ពីអនុគណៈកម្មាធិការវិនិយោគខេត្ត។
គម្រោងទី២ រោងចក្រផលិតចំណីសត្វចិញ្ចឹមក្រុមហ៊ុនវិនិយោគ ហ្វីយ័ន ផេត សឹបផ្លាយ (ខេមបូឌា) ឯ.ក (Feiyuan Pet Supply (Cambodia) Co., Ltd.) ទីតាំងនៅ ក្បាលដីលេខ ១៨០២០៤០៤-១៤៨២, ១៤៨៣, ១៤៨៨ និង ១៤៨៩ ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ស្ថានភាពគម្រោង ដោយសារគម្រោងនេះមានទុនវិនិយោគលើសពី ៥លានដុល្លារអាមេរិក ការសម្រេចផ្លូវការត្រូវឆ្លងកាត់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ ទោះជាយ៉ាងណា អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុបានសម្តែងការគាំទ្រយ៉ាងពេញទំហឹង និងរៀបចំសម្របសម្រួលឯកសារទៅកាន់ CDC ដើម្បីរញ៉ៃកិច្ចការនេះឲ្យបានឆាប់រហ័ស។

នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានផ្តល់អនុសាសន៍ និងណែនាំដល់តំណាងក្រុមហ៊ុន ត្រូវយកចិត្តទុកដាក់លើចំណុចសំខាន់ៗមួយចំនួនដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ត្រូវរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ឲ្យបានត្រឹមត្រូវតាមស្តង់ដារ បង្កើតប្រព័ន្ធគ្រប់គ្រងសំរាមដោយសហការជាមួយក្រុមហ៊ុនប្រមូលសំរាម និងដាំដើមឈើបង្កើនគម្របបៃតងជុំវិញរោងចក្រ ដើម្បីកាត់បន្ថយកម្តៅ និងកាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅជុំវិញ។ ត្រូវរៀបចំធ្វើប័ណ្ណ ប.ស.ស (បេឡាជាតិរបបសន្តិសុខសង្គម) ជូននិយោជិក និងកម្មករគ្រប់រូប រៀបចំអាហារដ្ឋានដែលមានអនាម័យខ្ពស់ និងធានាឲ្យមានប្រព័ន្ធខ្យល់ចេញចូលល្អនៅក្នុងរោងចក្រ ដើម្បីផ្តល់ផាសុខភាពក្នុងសង្វាក់ផលិតកម្ម។ ត្រូវរៀបចំប្រព័ន្ធពន្លត់អគ្គិភ័យឲ្យបានត្រឹមត្រូវតាមបច្ចេកទេស និងបង្កើតលានដ្ឋានសង្គ្រោះបន្ទាន់នៅក្នុងរោងចក្រ សម្រាប់ឆ្លើយតបចំពោះហេតុការណ៍អាសន្នផ្សេងៗ។

ឯកឧត្តមប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវិនិយោគិនទាំងអស់ ដែលបានសម្តែងនូវទំនុកចិត្ត និងជ្រើសរើសខេត្តព្រះសីហនុជាទីតាំងវិនិយោគ។ ឯកឧត្តមក៏បានប្តេជ្ញាបន្តសម្របសម្រួល និងបង្កើតបរិយាកាសវិនិយោគដ៏ល្អប្រសើរ ដើម្បីទាក់ទាញអ្នកវិនិយោគិនជាតិ និងអន្តរជាតិបន្ថែមទៀតមកកាន់ខេត្តឆ្នេរសមុទ្រមួយនេះ ព្រមទាំងបានជូនពរឲ្យកិច្ចប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនទទួលបានជោគជ័យ និងផ្លែផ្កាជាវិជ្ជមាន។

សម្រួលអត្ថបទ ៖ កញ្ញា មឿន ស្រីមុំ