លោកជំទាវ ទេស ផល្លីន បើកវេទិកាសាធារណៈនៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ជំរុញការអនុវត្តគោលនយោបាយរដ្ឋាភិបាល និងសម្រួលការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ

ក្រចេះ៖ លោកជំទាវ ទេស ផល្លីន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រសួងព័ត៌មាន បានអញ្ជើញបើកវេទិកាសាធារណៈ ដើម្បីគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងចុះពិនិត្យ និងជំរុញការធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ នៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។

វេទិកាសាធារណៈនេះ បានធ្វើឡើងនៅបរិវេណវត្តច័ន្ទរង្សី (វត្តកែង) ស្ថិតក្នុងភូមិកំពង់ដ ឃុំជ្រោយបន្ទាយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមូលដ្ឋាន មន្ត្រីជំនាញ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ វេទិកាសាធារណៈនេះ គឺជាឱកាសដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋលើកឡើងនូវសំណូមពរ កង្វល់ និងបញ្ហាប្រឈមនានាដែលជួបប្រទះក្នុងជីវភាពរស់នៅ ដើម្បីឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធទទួលយកទៅដោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ការចុះធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងការទទួលបានឯកសារផ្លូវច្បាប់សំខាន់មួយ ដែលចាំបាច់សម្រាប់ការប្រើប្រាស់សេវាសាធារណៈ ការបំពេញនីតិវិធីរដ្ឋបាល ការចុះឈ្មោះបោះឆ្នោត ការទទួលសេវាសុខាភិបាល ការអប់រំ និងការបំពេញប្រតិបត្តិការផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃ។

លោកជំទាវ ទេស ផល្លីន បានលើកឡើងថា ការរៀបចំវេទិកាសាធារណៈ និងការផ្តល់សេវារដ្ឋបាលដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន គឺជាការអនុវត្តជាក់ស្តែងនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការនាំសេវាសាធារណៈឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ ពង្រឹងអភិបាលកិច្ចល្អ លើកកម្ពស់តម្លាភាព គណនេយ្យភាព និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋាន។

នៅក្នុងឱកាសនោះ បងប្អូនប្រជាពលរដ្ឋដែលបានចូលរួម វេទិកាសាធារណៈ បានសម្តែងការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន ដែលបានចុះដល់មូលដ្ឋាន ដើម្បីស្តាប់មតិយោបល់ដោយផ្ទាល់ និងផ្តល់សេវាចាំបាច់ជូនប្រជាពលរដ្ឋ។ សកម្មភាពនេះ មិនត្រឹមតែជួយដោះស្រាយបញ្ហាប្រឈមជាក់ស្តែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកពង្រឹងទំនុកចិត្តរវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ព្រមទាំងជំរុញការអភិវឌ្ឍសង្គម និងមូលដ្ឋានឱ្យកាន់តែមានចីរភាព៕