ភ្លៀងមូសុងត្រឹមរយៈពេល១ខែមកនេះបង្ករជាទឹកជំនន់សម្លាប់ពលរដ្ឋប៉ាគីស្ថានជាង១០០នាក់ ខណៈប្រជាជនបង្ហាញការមិនពេញចិត្តចំពោះការត្រៀមបង្ការដ៏យឺតយ៉ាវរបស់រដ្ឋាភិបាល
ចំនួនមនុស្សស្លាប់ដោយសារភ្លៀងមូសុង និងទឹកជំនន់ភ្លាមៗនៅប្រទេសប៉ាគីស្ថានក្នុងរយៈពេល១ខែកន្លងមកនេះបានកើន
លើសពី១០០នាក់ហើយ ខណៈដែលអ្នកព្យាករណ៍អាកាសធាតុបានព្រមានថា ភ្លៀងធ្លាក់ខ្លាំងនឹងមានបន្ថែមទៀតនៅទូទាំងប្រទេសក្នុងសប្តាហ៍នេះ។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសប៉ាគីស្ថានបាននិយាយថា មនុស្ស ១០៩ នាក់បានស្លាប់នៅទូទាំងប្រទេសចាប់តាំងពីថ្ងៃទី ២៦ ខែមិថុនាមក។ ករណីស្លាប់ជាច្រើនគឺបណ្តាលមកពីការដួលរលំផ្ទះ និងដំបូល សង្កត់លើ ដោយស្ទើរតែចំនួនពាក់កណ្តាលត្រូវបានគេរាយការណ៍ថាស្ថិតនៅភាគពាយ័ព្យនៃខេត្ត Khyber Pakhtunkhwa តាមបណ្តោយព្រំដែនអាហ្វហ្គានីស្ថាន។ ក្រុមអ្នកជួយសង្គ្រោះបានទាញអ្នកស្រុកចេញពីតំបន់លិចទឹកដោយប្រើប្រាស់ទូក និងចែកចាយអាហារដល់អ្នកដែលជាប់គាំង។ លោក Syed Waqar Ul Hassan មន្ត្រីជួយសង្គ្រោះបាននិយាយថា ក្រុមជួយសង្គ្រោះកំពុងធ្វើការងារយ៉ាងមមាញឹកដើម្បីទៅដល់មនុស្សដែលត្រូវទឹកជំនន់កាត់ផ្តាច់។ លោកបាននិយាយថា “យើងបានបើកបរទូក២គ្រឿង ហើយមួយគ្រឿងកំពុងធ្វើដំណើរមកតាមក្រោយ។ យើងបានជួយសង្គ្រោះមនុស្សជាង ១០០ នាក់ ហើយជាង ២៥នាក់ត្រូវបានដឹកជញ្ជូនចេញពីកន្លែងរងគ្រោះនោះ។ ចំពោះអ្នកស្រុកមួយចំនួន ជំនួយបានមកដល់យឺតយ៉ាវណាស់សម្រាប់ពួកគេ។ លោក Muhammad Ismail ជាអ្នកភូមិម្នាក់បាននិយាយថា សហគមន៍របស់គាត់កំពុងតស៊ូយ៉ាងលំបាកដោយគ្មានសម្ភារៈមូលដ្ឋាន។ «គ្មានទឹកស្អាតសម្រាប់ផឹក ឬគ្មានអគ្គិសនីទេ ហើយយើងក៏ខ្វះខាតថ្នាំពេទ្យដែរ» ។ «កូនស្រីរបស់ខ្ញុំឈឺអស់រយៈពេល២ថ្ងៃមកហើយ ហើយខ្ញុំកំពុងព្យាយាមនាំនាងចេញពីទីនេះតាមដែលអាចធ្វើទៅបាន»។ ស្ថានភាពនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយបានពិនិត្យឡើងវិញនូវការត្រៀមលក្ខណៈសម្រាប់គ្រោះទឹកជំនន់នៅទូទាំងប្រទេស ដោយពិភាក្សាអំពីផែនការ ចេញសេចក្តីព្រមានទាន់ពេលវេលាដល់សហគមន៍តាមដងទន្លេ ដើម្បីឱ្យប្រជាពលរដ្ឋអាចផ្លាស់ប្តូរទៅកាន់ទីកន្លែងសុវត្ថិភាព ឬត្រូវបានជម្លៀសចេញមុនពេលទឹកជំនន់វាយប្រហារមកដល់។ កាលពីសប្តាហ៍មុន ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារតំបន់មួយចំនួននៃប្រទេស រួមទាំងទីក្រុង Lahore ដែលជារដ្ឋធានីផ្នែកវប្បធម៌របស់ប្រទេសប៉ាគីស្ថាន និងជាកន្លែងដែលសង្កាត់ជាច្រើនត្រូវបានជន់លិច បង្ខំឱ្យអ្នកធ្វើដំណើរតាមផ្លូវវាងរយៈពេលយូរ និងទទួលបានការរិះគន់ពីប្រជាពលរដ្ឋដែលសួរអំពីការត្រៀមលក្ខណៈរបស់រដ្ឋាភិបាលចំពោះគ្រោះធម្មជាតិជារៀងរាល់ឆ្នាំ។ អាជ្ញាធរបានព្រមានក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះថា ពួកគេមិនអាចច្រានចោលនូវការកើតឡើងវិញនៃបញ្ហាអាកាសធាតុអាក្រក់ដែលបានបង្កឱ្យមានទឹកជំនន់ដ៏សាហាវដូចកាលពីឆ្នាំ ២០២២ក្នុងប្រទេសប៉ាគីស្ថាន ដែលបានពន្លិចប្រទេសនេះប្រហែល១ភាគ៣ទៅហើយ និងបានសម្លាប់មនុស្ស យ៉ាងច្រើនមិនធ្លាប់មានគឺ ១៧៣៧នាក់ និងបានជម្លៀសមនុស្សរាប់លាននាក់ចេញថែមទៀតផង៕
សម្រួលអត្ថបទ៖ សុផារិន្ទ







