ក្រុមការងាររាជរដ្ខាភិបាលចុះមូលដ្ឋានឃុំដំណាក់រាំង ជួបសំណេះសំណាល ជាមួុយប្អូនៗយុវជនត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ

ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដំណាក់រាំង បានរៀបចំពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជូនដល់ប្អូនៗសិស្សានុសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៥-២០២៦ ចំនួន ៤៩នាក់ ក្នុងឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

លោក ចឹក បូរិន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ បានធ្វើការណែនាំអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងទីផ្សារការងារ ព្រមទាំងលើកទឹកចិត្តឱ្យប្អូនៗស្វែងយល់ពីឱកាសបន្តការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សា ឬការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលជាជម្រើសដ៏សំខាន់សម្រាប់ការកសាងចំណេះដឹង ជំនាញ និងសមត្ថភាពឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។ លោកបានគូសបញ្ជាក់ថា មិនថាប្អូនៗជ្រើសរើសផ្លូវបន្តការសិក្សានៅសាកលវិទ្យាល័យ ឬជ្រើសរើសការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនោះទេ សុទ្ធតែជាផ្លូវដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍខ្លួន ប្រសិនបើមានការខិតខំប្រឹងប្រែង មានវិន័យ និងការរៀនសូត្រជាបន្តបន្ទាប់។ លោកក៏បានជំរុញឱ្យប្អូនៗហ៊ានស្រមៃ ហ៊ានកំណត់គោលដៅជីវិត និងខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាព និងជាកម្លាំងស្នូលក្នុងការអភិវឌ្ឍសហគមន៍ និងប្រទេសជាតិនាពេលអនាគត។

ក្នុងឱកាសនោះ ឯកឧត្តម ឈួរ សុបញ្ញា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងការលើកទឹកចិត្តពី ឯកឧត្តម ហ៊ុន ម៉ានី ជូនដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ដោយបានជំរុញឱ្យមានទំនុកចិត្តលើខ្លួនឯង ខិតខំរៀនសូត្រ ថែរក្សាសុខភាព និងប្រឡងដោយស្មោះត្រង់ ស្របតាមគោលការណ៍ «អ្នកចេះ គឺជាប់» ដែលជាស្នូលនៃការកែទម្រង់វិស័យអប់រំ។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «មុននឹងសួរថា “តើខ្ញុំចង់ក្លាយជាមនុស្សបែបណា?” ប្រហែលជាយើងគួរសួរខ្លួនឯងជាមុនថា “តើខ្ញុំកំពុងសេពគប់ជាមួយអ្នកណា និងកំពុងចិញ្ចឹមចិត្តខ្លួនឯងដោយអ្វី?” ព្រោះការសេពគប់ត្រឹមត្រូវ នាំឱ្យចម្រើន។ ការសេពគប់ខុស អាចនាំទៅរកការវិនាស។»

ឯកឧត្តមក៏បានផ្តាំផ្ញើដល់អាណាព្យាបាលសិស្សទាំងអស់ ឱ្យបន្តធ្វើជាកម្លាំងចិត្តដ៏សំខាន់សម្រាប់កូនៗក្នុងអំឡុងពេលត្រៀមប្រឡង ដោយផ្តល់នូវបរិយាកាសស្ងប់ស្ងាត់ ការយកចិត្តទុកដាក់លើសុខភាព អាហារូបត្ថម្ភ និងការសម្រាកឱ្យបានគ្រប់គ្រាន់ ព្រមទាំងលើកទឹកចិត្តឱ្យកូនៗមានទំនុកចិត្តលើខ្លួនឯង ជាជាងដាក់សម្ពាធលើលទ្ធផលប្រឡង។ ឯកឧត្តមបានគូសបញ្ជាក់ថា ការប្រឡងអាចវាស់ស្ទង់ចំណេះដឹងនៅដំណាក់កាលមួយ ប៉ុន្តែមិនអាចកំណត់តម្លៃរបស់មនុស្សម្នាក់បានទាំងស្រុងនោះទេ។ អ្វីដែលសំខាន់ គឺភាពស្មោះត្រង់ ការតស៊ូ និងការមិនបោះបង់ក្តីស្រមៃ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវដល់អាជ្ញាធរភូមិ-ឃុំ សាលារៀន កម្លាំងមានសមត្ថកិច្ច និងក្រុមការងារពាក់ព័ន្ធ បន្តសហការគ្នាបង្កើតបរិយាកាសអំណោយផលសម្រាប់ប្អូនៗសិស្សានុសិស្ស ដោយជួយថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងសម្រួលការធ្វើដំណើរទៅកាន់មណ្ឌលប្រឡង។ ទន្ទឹមនឹងនេះ ត្រូវបន្តយកចិត្តទុកដាក់ដល់ប្អូនៗដែលមានជីវភាពខ្វះខាត ឬជួបការលំបាក ដើម្បីធានាថា គ្មានសិស្សណាម្នាក់ត្រូវបាត់បង់ឱកាសប្រឡង ដោយសារឧបសគ្គផ្នែកជីវភាព ឬការខ្វះការគាំទ្រពីសហគមន៍។

ឯកឧត្តមបានបញ្ជាក់ថា ការជោគជ័យរបស់សិស្សម្នាក់ មិនមែនជាមោទនភាពរបស់គ្រួសារតែមួយប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពរបស់ភូមិ ឃុំ សាលារៀន និងសហគមន៍ទាំងមូល។ ការគាំទ្រយុវជនឱ្យទទួលបានការអប់រំប្រកបដោយគុណភាព គឺជាការវិនិយោគដ៏មានតម្លៃបំផុតលើ មូលធនមនុស្ស ដែលជាស្នូលនៃ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ការកសាងយុវជនដែលមានចំណេះដឹង សមត្ថភាព វិន័យ សីលធម៌ និងស្មារតីទទួលខុសត្រូវ គឺជាការកសាងអនាគតដ៏រឹងមាំសម្រាប់មូលដ្ឋាន និងប្រទេសជាតិ។ ក្នុងបរិយាកាសដ៏ស្និទ្ធស្នាល និងកក់ក្តៅ ក្រុមការងារក៏បានជូនពរដល់ប្អូនៗសិស្សានុសិស្សទាំង ៤៩នាក់ សូមឱ្យមានសុខភាពល្អ មានស្មារតីរឹងមាំ ប្រកបដោយប្រាជ្ញា និងទទួលបានលទ្ធផលល្អក្នុងការប្រឡងខាងមុខ ដើម្បីបន្តដំណើរឆ្ពោះទៅរកការសិក្សាខ្ពស់ ការងារល្អ និងក្លាយជាយុវជនគំរូ ដែលមានសមត្ថភាព និងគុណធម៌ រួមចំណែកអភិវឌ្ឍមូលដ្ឋាន និងប្រទេសជាតិឱ្យកាន់តែរីកចម្រើន។