ឯកឧត្តម ឯក សំអុល អនុញ្ញាតឲ្យប្រតិភូមូលនិធិចិនPeaceland យុវជនស្មគ្រចិត្តក្រុងធានជីង និងសមាគមពាណិជ្ជកម្មក្រុងធានជីង ចូលជួបសម្តែងការគួរសម នៅទីស្នាក់ការសមាគមមិត្តភាពកម្ពុជា-ចិន
ភ្នំពេញ៖ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការសមាគមមិត្តភាពកម្ពុជា-ចិន ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន អនុញ្ញាតឲ្យប្រតិភូ មូលនិធិចិន Peaceland យុវជនស្មគ្រចិត្តក្រុងធានជីង និងគណៈប្រតិភូសមាគមពាណិជ្ជកម្មក្រុងធានជីង ដឹកនាំដោយកញ្ញា Li Ai ចូលជួបសម្តែងការគួរសម។
ក្នុងឱកាសនោះ ឯកឧត្តម ឯក សំអុល បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់មូលនិធិចិន Peaceland ក៏ដូចជាសកម្មភាពរបស់យុវជនស្មគ្រចិត្តក្រុងធានជីង និងសមាគមពាណិជ្ជកម្មក្រុងធានជីង ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ។
ឯកឧត្តមប្រធានបានបញ្ជាក់ថា សមាគមមិត្តភាពកម្ពុជា-ចិន តែងតែគាំទ្រដល់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងអង្គការសង្គមស៊ីវិល យុវជន និងវិស័យធុរកិច្ចនៃប្រទេសទាំងពីរ ដើម្បីបន្តលើកកម្ពស់ចំណងមិត្តភាពប្រពៃណី និងរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសហគមន៍នៅមូលដ្ឋាន។
ជាការឆ្លើយតប កញ្ញា Li Ai បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ និងការគាំទ្ររបស់ឯកឧត្តមប្រធាន ព្រមទាំងបានរំលេចអំពីការប្តេជ្ញាចិត្តរបស់មូលនិធិចិន Peaceland ក្នុងការបន្តកៀរគរបណ្តាញអង្គការសង្គមស៊ីវិលចិនឱ្យចូលរួមកាន់តែសកម្មជាមួយសមាគមមិត្តភាពកម្ពុជា-ចិន ដើម្បីអនុវត្តគម្រោងសហប្រតិបត្តិការនានា ដែលផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍនៅតាមមូលដ្ឋាន។
ក្នុងនាមសង្គមស៊ីវិលចិន កញ្ញា បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសង្គម វប្បធម៌ ការផ្លាស់ប្តូរយុវជន និងសកម្មភាពសប្បុរសធម៌ ដើម្បីរួមចំណែកពង្រឹងចំណងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន ឱ្យកាន់តែរីកចម្រើន និងស្ថិតស្ថេរជានិរន្តរ៍៕







