រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តព្រះវិហារ បន្តយកចិត្តទុកដាក់ និងគិតគូរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹក

ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរខេត្តព្រះវិហារ ប្រជាពលរដ្ឋភៀសសឹកដែលរងផលប៉ះពាល់ដោយការឈ្លានពានពីសំណាក់យោធាថៃមកលើដែនអធិបតេយ្យរបស់កម្ពុជាកំពុងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ ទាំងការស្នាក់នៅ ជីវភាពរស់នៅ និងសេវាសាធារណៈចាំបាច់ផ្សេងៗ ដើម្បីធានាថាប្រជាពលរដ្ឋភៀសសឹករស់នៅដោយមានសុវត្ថិភាព។

លោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ បានឱ្យដឹងថា ផ្ទះស្នាក់នៅបណ្ដោះអាសន្នសម្រាប់ប្រជាពលរដ្ឋភៀសសឹកនៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន មានចំនួន ៦៤៥ ខ្នង សម្រាប់ ៦៤៥ គ្រួសារ ស្មើនឹងប្រជាពលរដ្ឋសរុប ២,០៦១ នាក់ ក្នុងនោះស្ត្រី ១,១០៦ នាក់។ អាជ្ញាធរបានរៀបចំពិធីចាប់ឆ្នោតប្រគល់ផ្ទះ និងដីធ្លីជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ចំនួន ៣ ជំហានរួចមកហើយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ពួកគាត់។

ការផ្តល់ផ្ទះជូនប្រជាពលរដ្ឋត្រូវបានអនុវត្តជាបន្តបន្ទាប់ ដោយជំហានទី១ ផ្តល់ជូន ៣១១ គ្រួសារ ជំហានទី២ ចំនួន ២៣២ គ្រួសារ និងជំហានទី៣ ចំនួន ១០២ គ្រួសារ។ ការរៀបចំលំនៅឋានទាំងនេះ បានឆ្លុះបញ្ចាំងពីការគិតគូរយ៉ាងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជួយសម្រាលការលំបាក និងផ្ដល់ទីជម្រកសមរម្យដល់ប្រជាពលរដ្ឋភៀសសឹក។

បន្ថែមពីលើការផ្តល់ទីជម្រក អាជ្ញាធរខេត្តក៏បានរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដូចជាការផ្គត់ផ្គង់ទឹកស្អាតតាមរយៈម៉ាស៊ីនផលិតទឹកបរិសុទ្ធដែលមានសមត្ថភាពផលិតបាន ៥,០០០ លីត្រក្នុងមួយម៉ោង ខណៈស្ថានីយប្រព្រឹត្តកម្មទឹកស្អាតថ្មីកំពុងដំណើរការសាងសង់។ ប្រជាពលរដ្ឋដែលទើបផ្លាស់មករស់នៅថ្មី ក៏ទទួលបានការប្រើប្រាស់អគ្គិសនីដោយឥតគិតថ្លៃចំនួន ៣០ គីឡូវ៉ាត់ម៉ោងក្នុងមួយខែផងដែរ។

ជាមួយគ្នានេះ អាជ្ញាធរបានសហការជាមួយដៃគូអភិវឌ្ឍន៍ ARDB និងមន្ទីរកសិកម្ម ក្នុងការរៀបចំបណ្តុះបណ្តាលជំនាញកសិកម្មដល់តំណាងប្រជាពលរដ្ឋភៀសសឹក ដើម្បីលើកកម្ពស់ជីវភាព និងបង្កើតប្រភពចំណូលប្រកបដោយចីរភាពនាពេលអនាគត។

លោក មិន ស៊ីថា បានបញ្ជាក់ថា អាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ នឹងបន្តយកចិត្តទុកដាក់ និងគាំទ្រប្រជាពលរដ្ឋភៀសសឹក ទាំងការស្នាក់នៅ ជីវភាពរស់នៅ និងសេវាសាធារណៈចាំបាច់ផ្សេងៗ ដើម្បីធានាថាប្រជាពលរដ្ឋរស់នៅប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្ត ខណៈពួកគាត់នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានដើមវិញបាននៅឡើយ។

គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅមានប្រជាពលរដ្ឋសរុប ២០,២៨១ នាក់ ក្នុងនោះស្ត្រី ១០,៣៣១ នាក់ និងកុមារ ៦,០៦៦ នាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាន។