ក្រសួងព័ត៌មាន បញ្ជូនមន្ត្រីកម្ពុជា ២៧រូប ចូលរួមវគ្គបណ្តុះបណ្តាលសារព័ត៌មានឌីជីថល នៅទីក្រុងហូជីមិញ
(ទីក្រុងហូជីមិញ)៖ ស្របតាមផែនការកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន ឆ្នាំ២០២៦-២០៣០ និងដើម្បីលើកកម្ពស់សមត្ថភាពបច្ចេកទេសបន្ថែមជូនដល់មន្ត្រីព័ត៌មាននៅតាមបណ្តារាជធានី-ខេត្ត ក្រសួងព័ត៌មានកម្ពុជា បានចាត់បញ្ជូនប្រតិភូ និងមន្ត្រីព័ត៌មានសរុបចំនួន ២៧រូប ដឹកនាំដោយ លោក សាន សុភា ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ឱ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី «Foundational Digital & Mobile Journalism Training for Provincial Information Personnel» (ឬជំនាញអនុវត្តន៍ឆ្លាតវៃក្នុងយុគសម័យឌីជីថល) ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។
កម្មវិធីបណ្តុះបណ្តាលនេះ រៀបចំឡើងដោយនាយកដ្ឋានសារព័ត៌មាន នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ដោយផ្តោតសំខាន់លើចំនុចសំខាន់ៗដូចជា៖
-ការអនុវត្តបច្ចេកវិទ្យាឌីជីថល៖ ការពង្រឹងចំណេះដឹង និងជំនាញអនុវត្តជាក់ស្តែងក្នុងការប្រើប្រាស់ឧបករណ៍ឆ្លាតវៃ (Mobile Journalism) ក្នុងការផលិតមាតិកាសារព័ត៌មាន។
-ការសម្របខ្លួនទៅនឹងប្រព័ន្ធផ្សព្វផ្សាយទំនើប៖ ការយល់ដឹងពីនិន្នាការថ្មីៗ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងតម្រូវការព័ត៌មាននាពេលបច្ចុប្បន្ន។
-ការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ៖ រៀនសូត្រទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងពីអ្នកជំនាញ ដើម្បីយកទៅអភិវឌ្ឍការងារសារព័ត៌មាននៅតាមរាជធានី-ខេត្តឱ្យកាន់តែមានប្រសិទ្ធភាព។
វគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែជាការផ្ទេរចំណេះដឹង និងជំនាញបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយយ៉ាងសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ក្នុងការលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យសារព័ត៌មាន ព្រមទាំងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នសារព័ត៌មាននៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត៕
អត្ថបទ: ម៉ារ៉ាឌី
រូបភាព: យ៉ាន យាត






