អគ្គលេខាធិការ UN លោក Guterres ជំរុញឱ្យមានការគាំទ្រជាសកលសម្រាប់ប្រទេសស៊ីរី និងថ្កោលទោសលើការរំលោភបំពានអធិបតេយ្យភាពនៃប្រទេសនេះដែរ

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ ទៅកាន់ប្រទេសស៊ីរី ដោយជំរុញឱ្យមានការគាំទ្រពីអន្តរជាតិកាន់តែច្រើនសម្រាប់ការផ្លាស់ប្តូរស្ថានភាពក្នុងប្រទេសនេះ និងថ្កោលទោសចំពោះការរំលោភបំពានជាបន្តបន្ទាប់លើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ពួកគេដែរ។ ថ្លែងចេញពីទីក្រុងដាម៉ាស លោក Guterres បាននិយាយថា អាទិភាពរបស់អង្គការសហប្រជាជាតិគឺការគាំទ្រប្រជាជនស៊ីរី ខណៈពេលដែលពួកគេកំពុងឆ្លងកាត់ការផ្លាស់ប្តូរស្ថានភាពរបស់ពួកគេ បន្ទាប់ពីការដួលរលំនៃរបបផ្តាច់ការនៃបុរសខ្លាំងស៊ីរីគឺ លោក Bashar all Assad។ លោកបានមានប្រសាសន៍ថា “របៀបវារៈសំខាន់របស់យើងគឺសុខុមាលភាពរបស់ប្រជាជនស៊ីរី ខណៈពេលដែលពួកគេអនុវត្តការផ្លាស់ប្តូរ ដែលបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការគោរពអធិបតេយ្យភាព ឯករាជ្យភាព ឯកភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរីយ៉ាងពេញលេញ”។ “ខ្ញុំចង់និយាយឡើងវិញថា ការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរីគឺមិនអាចទទួលយកបានទេ ហើយវាត្រូវតែបញ្ឈប់” នេះជាប្រសាសន៍របស់លោក Guterres និងក៏ជាលើកដំបូងដែលអគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ បានថ្លែងនៅក្នុងរដ្ឋធានីដាម៉ាស ប្រទេសស៊ីរី ចាប់តាំងពីឆ្នាំ ២០០៩មក។ មិនយូរប៉ុន្មានបន្ទាប់ពីលោក Guterres បានមកដល់ទីនេះ លោកក៏បានជួបពិភាក្សាជាមួយប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសស៊ីរី គឺ លោក Ahmad al-Sharaa មុនពេលរូបលោកធ្វើដំណើរទៅកាន់តំបន់ចាស់នៃទីក្រុងដាម៉ាស និងវិហារអ៊ីស្លាម Umayyad ដ៏ល្បីល្បាញ។ ប្រមុខអង្គការសហប្រជាជាតិរូបនេះក៏បានទៅទស្សនាពន្ធនាគារយោធា Saydnaya ដ៏ល្បីមួយទៀតដែលសំបូរដោយភាពស្មុគស្មាញនាភាគខាងជើងនៃទីក្រុងដាម៉ាស ដែលបានក្លាយជានិមិត្តរូបនៃអំពើឃោរឃៅដ៏អាក្រក់បំផុតមួយចំនួនដែលបានប្រព្រឹត្តក្រោមការគ្រប់គ្រងរបស់គ្រួសារលោក Assad ។ កាលពីថ្ងៃអាទិត្យ លោក Guterres បានបញ្ជាក់ជាថ្មីថា ការរំលោភបំពានរបស់អ៊ីស្រាអែលលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ស៊ីរីត្រូវតែបញ្ឈប់ ដោយសង្កត់ធ្ងន់ម្តងទៀតថា ខ្ពង់រាប Golan ដែលអ៊ីស្រាអែលបានបញ្ចូលក៏ជាទឹកដីរបស់ស៊ីរីដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ