ក្រសួងព័ត៌មានបើកកិច្ចប្រជុំតម្រង់ទិសស្តីពីការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែង ដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងធនធានមនុស្ស
ភ្នំពេញ៖ ក្រសួងព័ត៌មាន បានបើកកិច្ចប្រជុំតម្រង់ទិសស្តីពី ការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែង ដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងធនធានមនុស្ស និងជំរុញការអនុវត្តការងាររបស់មន្ត្រីរាជការឱ្យកាន់តែមានភាពច្បាស់លាស់ ស្របតាមមុខងារ តួនាទី និងការទទួលខុសត្រូវរបស់អង្គភាពនីមួយៗ។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នាមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ដឹកនាំដោយ ឯកឧត្តម ប៊ុត បូផុត រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ច្បាប់របស់ក្រសួងព័ត៌មាន និងក្រុមការងារ ក.ក.ច. ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ដើម្បីស្វែងយល់អំពីគោលការណ៍ និងនីតិវិធីនៃការកំណត់មុខតំណែង និងការរៀបចំពិពណ៌នាមុខតំណែងឱ្យមានស្តង់ដារតែមួយ។
ក្នុងឱកាសនោះ ឯកឧត្តម រស់ ថាន់សន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ ក.រ.ស. បានបានគូសបញ្ជាក់ពីសារៈសំខាន់នៃការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែង ដែលជាមូលដ្ឋានគ្រឹះក្នុងការគ្រប់គ្រងធនធានមនុស្ស ការវាយតម្លៃលទ្ធផលការងារ ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ និងការលើកកម្ពស់ប្រសិទ្ធភាពនៃការបំពេញភារកិច្ចរបស់អង្គភាព។
ក្នុងដំណើរការនៃកិច្ចប្រជុំបានផ្តោតលើការពិភាក្សា ផ្លាស់ប្តូរមតិយោបល់ និងចែករំលែកបទពិសោធន៍ជុំវិញការរៀបចំមុខតំណែង និងការពិពណ៌នាមុខតំណែង ដើម្បីធានាឱ្យការអនុវត្តមានភាពស្របគ្នា មានតម្លាភាព និងអាចឆ្លើយតបទៅនឹងតម្រូវការនៃការកែទម្រង់រដ្ឋបាលសាធារណៈ។
ដូច្នេះតាមរយៈ កិច្ចពិភាក្សានាំកាសនេះ រំពឹងថា លទ្ធផលនៃកិច្ចប្រជុំតម្រង់ទិសនេះ នឹងរួមចំណែកដល់ការពង្រឹងការគ្រប់គ្រងធនធានមនុស្ស ការបែងចែកភារកិច្ចការងារឱ្យបានច្បាស់លាស់ និងការលើកកម្ពស់គុណភាពសេវាសាធារណៈ ស្របតាមគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល៕







