មនុស្សជាង៧១៥.០០០នាក់ ត្រូវគេជម្លៀសចេញ បន្ទាប់ពីព្យុះទីហ្វុង Noul បានផ្តួលរំលំដើមឈើ និងរន្ទាដែកដ៏ធំមួយបន្ទាប់ពីវាបានបោកបក់នាភាគខាងត្បូងប្រទេសចិន

ព្យុះទីហ្វុងណូល (Noul) បានបោកបក់កាលពីព្រឹកថ្ងៃអាទិត្យនេះដោយនាំមកនូវខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំងដល់ភាគខាងត្បូងប្រទេសចិន រួមទាំងទីក្រុងហុងកុងផងដែរ។ យោងតាមមជ្ឈមណ្ឌលអាកាសធាតុជាតិរបស់ប្រទេសចិនបានឲ្យដឹងថា ព្យុះណូលនេះ បានបោកបក់នៅព្រឹកថ្ងៃអាទិត្យនៅក្នុងស្រុកហ៊ុយដុង ទីក្រុងហ៊ុយចូវ ខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន។ ព្យុះដែលកំពុងវិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សនេះ គឺជាព្យុះទីហ្វុងដំបូងគេដែលបានបោកបក់នៅក្នុងខេត្តក្វាងទុងនៅឆ្នាំនេះ និងជាព្យុះខ្លាំងបំផុតមួយដែលបានវាយប្រហារប្រទេសចិនរហូតមកដល់ឆ្នាំ២០២៦ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ CCTV។ ព្យុះទីហ្វុង ណូល បាននាំមកនូវខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំងនៅទូទាំងខេត្តក្វាងទុង ដែលជំរុញឱ្យមានការជម្លៀសមនុស្សជាង ៧១ម៉ឺន៥ពាន់នាក់។ សេវាកម្មរថភ្លើងត្រូវបានផ្អាក ខណៈដែលអាកាសយានដ្ឋានបានលុបចោលជើងហោះហើរ ឬកែសម្រួលជើងហោះហើររាប់រយជើង ខណៈដែលអាជ្ញាធរបានបង្កើនវិធានការសង្គ្រោះបន្ទាន់។ ខ្យល់បក់ខ្លាំងបានផ្តួលរំលំដើមឈើ និងកំទេចកំទីរាយប៉ាយពាសពេញផ្លូវនៅជិតតំបន់ដែលបោកបក់នៅហ៊ុយដុង ជាកន្លែងដែលភ្លើងបំភ្លឺផ្លូវ និងរចនាសម្ព័ន្ធខាងក្រៅផ្សេងទៀតក៏ត្រូវបានខូចខាតផងដែរ។ ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានទឹកជំនន់ក្នុងទីក្រុងសានវៃ ដែលជាទីក្រុងឆ្នេរសមុទ្រមួយនៅភាគខាងកើតខេត្តក្វាងទុង ស្របពេលដែលមានដើមឈើដួលរលំបានបិទផ្លូវសំខាន់ៗជាច្រើននៅក្នុងស្រុកហ៊ុយឡៃ។ ក្រុមសង្គ្រោះបន្ទាន់បានធ្វើប្រតិបត្តិការបង្ហូរទឹកចេញ និងសម្អាតផ្លូវ និងធ្វើសកម្មភាពធម្មតាបានចាប់ផ្តើមឡើងវិញបន្តិចម្តងៗ។ មិនតែប៉ុណ្ណោះទីក្រុងហុងកុងក៏ត្រូវបានវាយប្រហារដោយខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង។ ជើងហោះហើរប្រហែល ៣៥០ ត្រូវគេប្រកាសលុបចោល ហើយយ៉ាងហោចណាស់មនុស្ស ៩នាក់បានរងរបួសក្នុងអំឡុងពេលមានព្យុះបោកបក់។ ផ្នែកមួយនៃបង្គុំរន្ទាដែកដ៏ធំនៅលើអគារខ្ពស់ ក៏បានដួលរលំកាលពីថ្ងៃសៅរ៍នេះ ប៉ុន្តែមិនបានបង្ករឱ្យមនុស្សរងរបួសត្រូវបានគេរាយការណ៍នៅក្នុងឧប្បត្តិហេតុនោះទេ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ