សាលាអន្តរជាតិ វេស្ទលែនដ៍ ក្រុងតាខ្មៅបិទបញ្ចប់ឆ្នាំសិក្សា ចែកវិញ្ញាបនបត្រ និងចែកលិខិតសរសើរជូនគ្រូ និងសិស្សថ្នាក់ចំណេះទូទៅអន្តរជាតិស្តង់ដាអូស្ត្រាលី ឆ្នាំសិក្សា២០២៥-២០២៦

សាលាអន្តរជាតិ វេស្ទលែនដ៍ បានរៀបចំ កម្មវិធីបិទបញ្ចប់ ឆ្នាំសិក្សា ចែកវិញ្ញាបនបត្រ និងចែកលិខិតសរសើរជូនគ្រូ និងសិស្សថ្នាក់ ចំណេះទូទៅអន្តរជាតិ ស្តង់ដាអូស្ត្រាលី ឆ្នាំសិក្សា២០២៥-២០២៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ពឹង គិមឆេង អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

លោក ថន សុកលីម នាយកសាលាអន្តរជាតិ វេស្ទលែនដ៍ បានឱ្យដឹងថា សាលាវេស្ទលែនដ៍ បានដំណើរការ កម្មវិធីអន្តរជាតិ ស្តង់ដា អូស្ត្រាលី មកដល់ពេលនេះគឺ មានរយៈពេល៣ឆ្នាំមកហើយ។ ដូច្នេះសម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ គឺជាឆ្នាំទី៤ នៃកម្មវិធីមួយនេះ ហើយអ្វីដែលសាលាកំពុងធ្វើនេះ គឺជាការបិទឆ្នាំសិក្សា របស់សិស្សានុសិស្ស ដែលបានរៀនពេញមួយឆ្នាំរួចហើយ ដោយសាលាត្រូវប្រគល់នូវវិញ្ញាបនបត្រដល់ពួកគេ។ លោក បានបន្តថា សាលាអន្តរជាតិ វេស្ទលែនដ៍ មានកម្មវិធីធំៗចំនួន៣ គឺ៖ ១. ចំណេះទូទៅខ្មែរ ដែលចាប់ផ្ដើមពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី១២,  ២. ចំណេះទូទៅអន្តរជាតិ ដែលចាប់ផ្ដើមពីមត្តេយ្យដល់ទី១២ដូចគ្នា និង ៣. ថ្នាក់ភាសាអង់គ្លេសទូទៅ។ លោកបានអះអាងថា សាលាអន្តរជាតិ វេស្ទលែនដ៍ គឺជាថ្នាលអប់រំ បណ្តុះបណ្តាលសិស្សឱ្យមានសីលធម៌ សុជីវធម៌ និងចំណេះដឹងទូទៅស្របតាមគោលការណ៍អប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ដូច្នេះ ទីនេះគឺជាទំនុកចិត្តរបស់អស់លោក លោកស្រី ដែលជាមាតា បិតា ឬអ្នកអាណាព្យាបាលសិស្សចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី១២។

ឯកឧត្តមបណ្ឌិត ពឹង គិមឆេង អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានបង្ហាញការកត់សម្គាល់ថា សាលាអន្តរជាតិ វេស្ទលែនដ៍ ពិតជាបានចូលរួមចំណែកយ៉ាងសកម្មជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការផ្តល់ការអប់រំទៅដល់សិស្សនៅគ្រប់កម្រិតថ្នាក់ចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី១២ រហូតទទួលបានការគាំទ្រពីសំណាក់មាតា បិតា អ្នកអាណាព្យាបាលសិស្ស ដោយពួកគាត់បានសម្រេចចិត្តក្នុងការបញ្ជូនកូនចៅរបស់ពួកគាត់ឱ្យមកទទួលយកការអប់រំនៅទីនេះ ដែលជាការអប់រំមួយមានស្ដង់ដារជាអន្តរជាតិ គឺស្តង់ដារបស់ប្រទេសអូស្ត្រាលី ដែលជាប្រទេសមួយមានភាពជឿនលឿនបំផុតក្នុងវិស័យអប់រំ។

ឯកឧត្តម អនុរដ្ឋលេខាធិការ មានប្រសាសន៍ថា ប្រទេសជាតិមួយអាចអភិវឌ្ឍន៍ឱ្យរីកចម្រើនទៅបាន គឺអាស្រ័យលើយើងមានធនធានមនុស្សល្អ ពោលគឺយើងមានពលរដ្ឋដែលមានចំណេះដឹងគ្រប់គ្រាន់សម្រាប់យកទៅកសាងប្រទេសជាតិឱ្យជឿនលឿនទៅមុខ។ ដូច្នេះ ដើម្បីយើងបានធនធានមនុស្សល្អ ពោលគឺជាប្រជាពលរដ្ឋដែលមានចំណេះដឹងគ្រប់គ្រាន់ គឺយើងត្រូវមានការអប់រំ និងបណ្តុះបណ្តាលខ្ពស់ ក្នុងនោះសាលារៀនទាំងឡាយទោះបីជាសាលារៀនរដ្ឋ ឬជាសាលារៀនឯកជនក្តីសុទ្ធតែមានតួនាទីយ៉ាងសំខាន់ដូចគ្នាក្នុងការផ្តល់នូវការអប់រំប្រកបដោយគុណភាពទៅដល់សិស្សចាប់ពីថ្នាក់ក្រោមឡើងទៅដល់ថ្នាក់ឧត្តមសិក្សា។ ឯកឧត្តម បានចាត់ទុកការចំណាយប្រាក់កាសរបស់អស់លោក លោកស្រី ដែលជាមាតា បិតា អ្នកអាណាព្យាបាលសិស្សទៅលើការបង់ថ្លៃសិក្សារបស់កូនចៅដែលចាប់ផ្តើមតាំងពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ឧត្តមសិក្សាថាជាការដាក់ប្រាក់វិនិយោគដ៏សំខាន់ និងចាំបាច់បំផុតសម្រាប់អនាគតកូនចៅរបស់ខ្លួន៕