សមណនិស្សិត និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជា ជំនាញរដ្ឋបាលសាធារណៈ ជំនាន់ទី១៩ បន្តនាំយកទៀនព្រះវស្សា បច្ច័យបួន និងទេយ្យទាន ប្រគេនព្រះសង្ឃគង់នៅវត្តដីក្រហម
នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ សមណនិស្សិត និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជា ជំនាញរដ្ឋបាលសាធារណៈ ជំនាន់ទី១៩ បានមូលមតិជាឯកច្ឆន្ទបន្តនាំយកទៀនព្រះវស្សា បច្ច័យបួន និងទេយ្យទាន យកទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅវត្តដីក្រហម ស្ថិតនៅភូមិដីក្រហម ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ។
និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជា ជំនាញរដ្ឋបាលសាធារណៈ ជំនាន់ទី១៩ បានប្រគេនដល់ព្រះគ្រូសង្ឃានុរ័ក្ខញាណ បេន ពុធថេម ព្រះចៅអធិការវត្ដដីក្រហម មានទៀនព្រះវស្សា សំពត់សាដក មី ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកសុទ្ធ ទឹកផ្លែឈើ និងអង្ករ ព្រមទាំងបច្ច័យមួយចំនួន ដែលជាការចូលរួមរបស់សមណនិស្សិត និស្សិតប្រកបដោយទឹកចិត្តជ្រះថ្លា និងគុណប្រយោជន៍ ក្នុងការជួយលើកតម្កើងវិស័យព្រះពុទ្ធសាសនាឲ្យបានថ្កុំថ្កើង។ នេះជាសណ្តានចិត្តដ៏ជ្រះថ្លារបស់និស្សិតគ្រប់រូប ដែលបានយកចិត្តទុកដាក់ដល់វត្តអារាមនានា និងលើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ដើម្បីទីអារាមនីមួយៗ មានលទ្ធភាពគោរពបូជាចំពោះព្រះរតនត្រ័យ និងការជួយលើកកម្ពស់ជីវភាពព្រះសង្ឃ ដើម្បីព្រះសង្ឃបានបំពេញកិច្ចទៅតាមព្រះធម៌វិន័យជាព្រះឱវាទដ៏ថ្លៃថ្លារបស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ។
ព្រមជាមួយនេះ ព្រះគ្រូសង្ឃានុរ័ក្ខញាណ បេន ពុធថេម ព្រះចៅអធិការវត្ដដីក្រហម មានសទ្ធាដ៍ថ្លៃថ្លាក្នុងការជួយឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគមួយចំណែករបស់ព្រះអង្គ ដែលបានមកពីនិស្សិតជំនាន់ទី១៩ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ជូនដល់វីរកងទ័ពជួរមុខតំបន់ព្រះវិហារ និងតំបន់ភ្នំខ្មោច ព្រមទាំងបានផ្តាំផ្ញើសាកសួរសុខទុក្ខដល់វីរកងទ័ពជួរមុខ តាមរយៈតំណាងដែលជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជា ជំនាញរដ្ឋបាលសាធារណៈ ជំនាន់ទី១៩ ដើម្បីយកទៅប្រគល់ផ្ទាល់ដៃដល់វីរកងទ័ពតំបន់ព្រះវិហារ និងតំបន់ភ្នំខ្មោចផងដែរ។
សូមជម្រាបថា នេះជាលើកទី២ហើយក្នុងពិធីបុណ្យចូលព្រះវស្សា ដែលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជា ជំនាញរដ្ឋបាលសាធារណៈ ជំនាន់ទី១៩ ដែលសទ្ធាដ៏ប្រសើរថ្លៃថ្លាបាននាំយកទៀនព្រះវស្សា បច្ច័យបួន និងទេយ្យទាន ប្រគេនដល់វត្តដីក្រហម ដោយលើកទី១ បាននាំយកនូវទៀនព្រះវស្សា បច្ច័យបួន និងទេយ្យទាន យកទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា អស់កាលត្រីមាសនៅវត្តអង្គពោធិញាណ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែកក្កដា កន្លងទៅថ្មីៗនេះ៕







