សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី សព្វព្រះរាជហឫទ័យរាជានុញ្ញាតឲ្យ សាស្ដ្រាចារ្យ សមណនិស្សិត និស្សិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញរដ្ឋបាលសាធារណៈ ជំនាន់ទី១៩ ចូលក្រាបថ្វាយបង្គំគាល់
នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោកសាស្ដ្រាចារ្យ បណ្ឌិត អ៊ាត សំអាត បានអញ្ជើញដឹកនាំ សមណនិស្សិត និស្សិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញ រដ្ឋបាលសាធារណៈ ជំនាន់ទី១៩ ចូលក្រាបថ្វាយបង្គំគាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាព សម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី នៅវត្តបទុមធម្មយុត្ត ។
លោកសាស្ដ្រាចារ្យ បណ្ឌិត អ៊ាន សំអាត និងសមណនិស្សិត និស្សិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញ រដ្ឋបាលសាធារណៈ ជំនាន់ទី១៩ បានថ្វាយរបាយការណ៍សង្ខេបពីវឌ្ឍនភាពការបណ្តុះបណ្តាល បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញរដ្ឋបាលសាធារណៈ ជំនាន់ទី១៩ ដើម្បីសម្តែងនូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត និងព្រមទាំងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងវត្ថុស័ក្តិសិទ្ធក្នុងលោក សូមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យថ្វាយ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ័សុខភាព សម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី សូមទ្រង់បានប្រាសចាកនូវព្រះរាជរោគាពាធ ព្រះរាជសុខុមាលភាពល្អបរិបូណ៌ ព្រះរាជកាយពលមាំមួន ព្រះរាជបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះរាជជន្មវស្សាយឺនយូរជាងរយព្រះវស្សា ។
សូមជម្រាបជូនថា ក្រោមព្រះរាជតំរិះដ៏ខ្ពង់ខ្ពស់របស់ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះស្ថាបនិក និងជាព្រះសាកលវិទ្យាធិការ ពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជា បានផ្តល់ឱកាសសិក្សាដល់ សមណនិស្សិត-និស្សិត ជាច្រើនរយនាក់ ជាពិសេសសិស្សក្រីក្រ ដែលគ្មានលទ្ធផលចូលរៀនសាកលវិទ្យាល័យ តាមរយៈការផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពេញ និងថ្នាក់អនុបណ្ឌិតចំនួន៥០% លើជំនាញចំនួន៧ រួមមាន ជំនាញវិទ្យាសាស្រ្តអប់រំ គ្រប់គ្រងទូទៅ អក្សរសាស្ត្រខ្មែរ ទស្សនវិជ្ជាព្រះពុទ្ធសាសនា នីតិសាស្រ្ត វិទ្យាសាស្រ្តកុំព្យូទ័រ និងជំនាញ ភាសាអង់គ្លេស ៕







