កម្ពុជា-ប្រេស៊ីល បើកទំព័រថ្មីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសមជាមួយលោកជំទាវ វីវៀន ឡូស សានម៉ាទីន (Vivian Loss Sanmartin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីលប្រចាំកម្ពុជា នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងប្រេស៊ីល ពិភាក្សាលទ្ធភាពនៃការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ព្រមទាំងកំណត់វិស័យអាទិភាព និងយន្តការដែលអាចអនុវត្តបានសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលអនាគត។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវ វីវៀន ឡូស សានម៉ាទីន និងគណៈប្រតិភូ ព្រមទាំងបានអបអរសាទរចំពោះលោកជំទាវ ដែលទទួលការតែងតាំងជាឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជាដំបូងបង្អស់ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ ដែលជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។ ឯកឧត្តមជឿជាក់យ៉ាងមុតមាំថា អាណត្តិបេសកកម្មរបស់លោកជំទាវនឹងដើរតួនាទីជាស្ពានដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងកម្ពុជា-ប្រេស៊ីល និងបើកទ្វារឱ្យមានកិច្ចសហប្រតិបត្តិការថ្មីៗលើគ្រប់វិស័យដែលមិនត្រឹមតែវិស័យការងារ សន្តិសុខសង្គម និង TVET នោះទេ។
ឯកឧត្តមមានប្រសាសន៍ថា ទោះបីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការងារ សន្តិសុខសង្គម និង TVET ស្ថិតក្នុងដំណាក់កាលដំបូងក៏ដោយ ក៏ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរកំពុងមានការរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តមក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធានាឱ្យពលករបរទេស រួមទាំងជនជាតិប្រេស៊ីលទទួលបានការការពារ ភាពស្មើគ្នា និងអត្ថប្រយោជន៍ ប.ស.ស. ស្របតាមច្បាប់ និងបទប្បញ្ញត្តិរបស់កម្ពុជា។ ជាមួយនឹងការចាប់អារម្មណ៍លើប្រព័ន្ធ TVET ជាពិសេស S-System ឯកឧត្តមបានលើកឡើងពីលទ្ធភាពនៃសហប្រតិបត្តិការលើការបណ្តុះបណ្តាលគ្រូបង្គោល និងការអភិវឌ្ឍសមត្ថភាពស្ថាប័ន កម្មវិធី TVET ការអភិវឌ្ឍកម្មវិធីសិក្សា កម្មវិធីហាត់ការងារនៅកន្លែងការងារ និងការកែច្នៃផលិតផលកសិកម្ម និងបច្ចេកវិទ្យាកសិកម្មជាដើម។
ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់នូវការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជាក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតប្រេស៊ីល ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា កម្ពុជា និងប្រេស៊ីលនឹងធ្វើការកាន់តែជិតស្និទ្ធ ដើម្បីបំប្លែងការពិភាក្សាដំបូងនេះទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែងសម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ គ្រឹះស្ថានបណ្តុះបណ្តាល និងនិយោជកនៃប្រទេសទាំងពីរ។
ជាការឆ្លើយតប លោកជំទាវ វីវៀន ឡូស សានម៉ាទីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តីក្នុងការទទួលស្វាគមន៍យ៉ាងកក់ក្តៅ កិច្ចពិភាក្សាប្រកបដោយផ្លែផ្កានាពេលនេះ ព្រមទាំងបានបង្ហាញពីផែនការយុទ្ធសាស្រ្តប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា។ លោកជំទាវក៏បានសម្តែងនូវសោមនស្សរីករាយ និងមោទនភាព ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតប្រេស៊ីលទី១ប្រចាំកម្ពុជា ដែលជាការបង្កើតប្រវត្តិសាស្រ្តថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ប្រេស៊ីល ព្រមទាំងបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ប្រេស៊ីលក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា។ លោកជំទាវមានប្រសាសន៍ថា អាទិភាពមួយក្នុងចំណោមអាទិភាពសំខាន់ៗរបស់លោកជំទាវ គឺការជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធនៅកម្ពុជា ដើម្បីឈ្វេងយល់ពីអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា និងកំណត់វិស័យដែលអាចពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា។ លោកជំទាវក៏បានកោតសរសើរចំពោះវឌ្ឍនភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍឧស្សាហូបនីយកម្ម និងធនធានមនុស្ស ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបំពាក់ជំនាញសមស្របដល់កម្លាំងពលកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។
លោកជំទាវបន្តថា ប្រព័ន្ធ S-System របស់ប្រេស៊ីល គឺជាគំរូបណ្តុះបណ្តាលវិជ្ជាជីវៈដែលមានប្រវត្តិយូរអង្វែង និងទទួលបានការគាំទ្រតាមរយៈការរួមចំណែករបស់និយោជក ដោយផ្តោតលើការអភិវឌ្ឍជំនាញឱ្យស្របតាមតម្រូវការទីផ្សារការងារ។ លោកជំទាវក៏បានស្នើចែករំលែកបទពិសោធ និងជំនាញរបស់ប្រេស៊ីលជាមួយកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍ TVET ការកសាងសមត្ថភាព និងវិស័យអាទិភាពផ្សេងៗ ព្រមទាំងបានអះអាងជាថ្មីពីការត្រៀមខ្លួនរបស់ប្រេស៊ីលក្នុងការផ្តល់កិច្ចសហប្រតិបត្តិការបច្ចេកទេស ស្របតាមអាទិភាពអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕







