និយ័តករធានារ៉ាប់រងកម្ពុជា នឹងចាប់ផ្តើមអនុវត្តជាផ្លូវការនៃការផ្តល់សេវាសាធារណៈតាម ប្រព័ន្ធអេឡិចត្រូនិច (E-Service for Business) នៅដើមឆ្នាំ ២០២៧
និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នៅព្រឹកថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០២៦ បានរៀបចំ “វេទិកានិយ័តករ-អគ្គនាយកធានារ៉ាប់រង” ក្រោមការដឹកនាំរបស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា ព្រមទាំងលោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា ជាសហប្រធាន។
ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានឲដឹងថាវេទិកានេះ ជាយន្តការនៃភាពជាដៃគូរវាងរដ្ឋ និងឯកជនដែលត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំ ដើម្បីផ្តល់ឱកាសដល់ប្រតិបត្តិករធានារ៉ាប់រង និងនិយ័តករធានារ៉ាប់រងកម្ពុជា ពិនិត្យនិងពិភាក្សា ដោះស្រាយបញ្ហាប្រឈម និងឧបសគ្គនានាដែលកើតឡើងក្នុងវិស័យធានារ៉ាប់រងកម្ពុជា ក្នុងគោលដៅ ជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងប្រកបដោយចីរភាព និងបរិយាបន្ន។
ចំណុចសំខាន់ៗ ក្នុងវេទិកានិយ័តករ និងអគ្គនាយកធានារ៉ាប់រង” គ.ស.២០២៦ មាន៥ចំណុច ក្នុងនោះរួមមាន៖
១. និយ័តករធានារ៉ាប់រងកម្ពុជា នឹងសិក្សារៀបចំបង្កើតមជ្ឈមណ្ឌលទិន្នន័យធានារ៉ាប់រងឱ្យបានឆាប់ សម្រាប់គ្រប់គ្រង រក្សាទុក និងចែករំលែកទិន្នន័យធានារ៉ាប់រង ដល់ប្រតិបត្តិករធានារ៉ាប់រង និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាបាននូវមូលដ្ឋានទិន្នន័យគ្រប់គ្រាន់ និងរឹងមាំសម្រាប់ រៀបចំផលិតផលធានារ៉ាប់រងឱ្យមានគុណភាព និងមានតម្លៃសមរម្យអាចប្រកួតប្រជែងជាមួយ ទីផ្សារក្នុងតំបន់។
២. និយ័តករធានារ៉ាប់រងកម្ពុជា នឹងចាប់ផ្តើមអនុវត្តជាផ្លូវការនៃការផ្តល់សេវាសាធារណៈតាម ប្រព័ន្ធអេឡិចត្រូនិច (E-Service for Business) ចាប់ពីថ្ងៃទី១ ខែមករា គ.ស.២០២៧ តទៅ។
៣. និយ័តករធានារ៉ាប់រងកម្ពុជា នឹងដាក់ចេញនូវគោលការណ៍ណែនាំស្តីពីស្តង់ដារនៃកិច្ចព្រម ព្រៀងរវាងអន្តរការីធានារ៉ាប់រង និងក្រុមហ៊ុនធានារ៉ាប់រង ដោយមានកំណត់កម្រៃជើងសា និង កម្រៃផ្សេងៗ ឱ្យបានច្បាស់លាស់។
៤. វេទិកានិយ័តករ និងអគ្គនាយកធានារ៉ាប់រង និងត្រូវពង្រីកបន្ថែមអតិថិជនធានារ៉ាប់រង ទៅជា វេទិកានិយ័តករ អគ្គនាយក និងអតិថិជនធានារ៉ាប់រង ចាប់ពីឆ្នាំ២០២៧ តទៅ ។
៥. ប្រតិបត្តិករធានារ៉ាប់រង ត្រូវពង្រឹងការអនុវត្តកាតព្វកិច្ចផ្តល់របាយការណ៍ប្រចាំគ្រាជូនដល់ និយ័តករ អនុលោមតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីលើកកម្ពស់គុណភាព នៃ ទិន្នន័យទីផ្សារធានារ៉ាប់រង៕







